ឧកញ៉ា ប៉ិច បូឡែន ដែលគេស្គាល់ជាស្ថាបនិកសាលាវេសឡាញ បានស្នើឲ្យមហាជនកុំយកពាក្យ “គ្រូជោគជ័យ” មកលេងសើច ដោយបែងចែកឲ្យដាច់ជាមួយអ្នកដែលចែករំលែកចំណេះដឹង ជាប្រយោជន៍ដល់សង្គម។
ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបញ្ជាក់យ៉ាងដូច្នេះថា អ្នកណាចេញមកចែករំលែកកេងប្រវ័ញ្ច ឬបោកប្រាស់អ្នកដទៃ ហៅពួកហ្នឹងថា “គ្រូបោក” តែម្តងទៅ។
ប្រទេសយើងត្រូវការអភិវឌ្ឍធនធានចំណេះដឹងច្រើនទៀតណាស់។ យើងត្រូវការចែករំលែកចំណេះ ជំនាញគ្នា យើងត្រូវរៀនសូត្រថែមច្រើនណាស់។ នៅបណ្តាប្រទេសជឿនលឿនគេមានវគ្គសិក្សាជាច្រើនពាក់ព័ន្ធរឿងជោគជ័យនេះ តែគេមិនយកមកលេងសើចបែបនេះទេ។ កុំយល់ច្រឡំលើគ្រូបណ្តុះបណ្តាល គ្រូបង្វឹក អ្នកប្រឹក្សាយោបល់ ឬអ្នកចែករំលែកចំណេះដឹងផ្សេងៗ
ឧកញ៉ាជាស្ថាបនិកសាលាល្បីឈ្មោះនេះសង្កត់ធ្ងន់ថា “អ្នកណាចេញមកបោកគិតតែប្រយោជន៍ខ្លួនឯង ហៅអាពួកហ្នឹងថា “អាបោក” តែម្តងទៅ ហើយឈប់នាំគ្នាទៅរៀន ឬស្តាប់វា។ បើអ្នកណាបង្រៀន ឬចែករំលែក ហើយយើងទទួលបានផល បានការរីកចម្រើន ក៏បន្តគាំទ្រទៅ”។
ឧកញ៉ាក៏ណែនាំបន្ថែមឲ្យមហាជនត្រូវពិចារណាមុននឹងវាយតម្លៃគ្រូណាមួយ ត្រូវត្រួតពិនិត្យផ្នត់គំនិត និងការវិនិច្ឆ័យដែរ ថាតើគ្រូនោះ អ្នកបណ្តុះបណ្តាល ឬគ្រូបង្វឹកនោះមានក្រមសីលធម៌ បច្ចេកទេសត្រឹមត្រូវ ទំនួលខុសត្រូវ គោលបំណងឈ្នះ-ឈ្នះ បង្កើតប្រយោជន៍ជារួមទេ ឬយើងខ្លួនឯងមានគំនិតអវិជ្ជមាន ឬមិនយល់ដល់ការចែករំលែកនោះ។
ឧកញ៉ាឲ្យត្រឹះរិះពិចារណាថា នៅពេលយើងមិនចង់ស្តាប់ពីផ្នត់គំនិត និងរៀនសូត្រសកម្មភាពអ្នកមាន យើងនឹងអាចបន្តនៅក្រ។ បើយើងមិនព្រមរៀនសូត្រពីវិធីសាស្រ្តជោគជ័យក្នុងការអភិវឌ្ឍការងារ យើងនឹងនៅក្រិនមួយកន្លែង។ បើយើងមិនរៀនវិធីសាស្រ្តជោគជ័យក្នុងការរកស៊ី យើងនឹងមិនរីកចម្រើន។ បើយើងមិនរៀនសូត្រពីគន្លឹះ ឬគោលគំនិតកសាងគ្រួសារ ឬចិញ្ចឹមបីបាច់ថែរក្សាកូន យើងក៏អាចនឹងមានបញ្ហារកាំរកូសក្នុងគ្រួសារ។ សំខាន់ធ្វើយ៉ាងម៉េចកុំឱ្យការរីកចម្រើនរបស់យើងបង្កើតការឈឺចាប់ដល់អ្នកដទៃ។ តោះឥឡូវសាកមករៀន វិធីសាស្រ្តជោគជ័យក្នុងការគ្រប់គ្រងធនធានមនុស្ស វិញមើល វាយ៉ាងម៉េចវិញ។ អ្នកគ្រប់គ្រងធនធានមនុស្សប្រហែលជាង២០០នាក់ហើយដែលបានបញ្ចប់ការសិក្សាពីវគ្គនេះ ហើយកំពុងបំពេញការងារតាមក្រុមហ៊ុន ស្ថាប័ននានា។