សណ្ឋាគារហៃយ៉ាត់ រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel) ក្រោមការបណ្តាក់ទុនពីក្រុមមហាសេដ្ឋីនៃក្រុមហ៊ុនយក្ស ជីបម៉ុង នឹងរៀបចំបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ដែលស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
នៅក្នុងថ្ងៃបើកសម្ពោធជាផ្លូវការនៃសណ្ឌាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ នេះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញលិខិតដាច់ដោយឡែកមួយជូនដំណឺងដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នលើកកំណាត់ផ្លូវលេខ១៧៨ ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លុវ១៧២កែងផ្លូវ១៣ នៅថ្ងៃទី១៥ ធ្នូនេះ ចាប់ពីម៉ោង ៥:០០នាទីព្រឹករហូតដល់ចប់កម្មវិធី។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទិសដៅទេសចរណ៍ក្នុងឱកាសវិស្សមកាល និងសម្រាប់កិច្ចប្រជុំធុរកិច្ច ដែលនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
លើសពីនេះទៅទៀត សណ្ឋាគារលំដាប់ផ្កាយ ៥ របស់ក្រុមហ៊ុន ជីបម៉ុង មួយនេះគឺជាទីតាំងឥតខ្ចោះ ដែលមានសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍ ពិព័រណ៍សិល្បៈ រៀបចំកិច្ចប្រជុំ សន្និសីទ និងពិធីជប់លៀងផ្សេងៗ៕