នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ (KE) ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ (NIEI) បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចំាការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។
ការប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិឆ្នាំ ២០២១ ជយលាភីលេខ ១ បានទៅលើឧកញ៉ា ហៃ លីអ៊ាង ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ។
ឧកញ៉ាហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនឱសថ PPM និងក្រុមហ៊ុនផលិតផលសរីរាង្គ Confirel ជាសហគ្រិនខ្មែរដ៏ឆ្នើមមួយរូបដែលមានផលិតផលប្រមាណជាង ៤០០ ប្រភេទ រាប់ចាប់ពីផលិតផលចំណីអាហាររហូតដល់ថ្នាំពេទ្យ កំពុងវាយលុកទីផ្សារជាតិនិងអន្តរជាតិយ៉ាងខ្លាំងក្លា។
នេះជាលើកទី២ ដែលសហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានរួមគ្នាបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។
តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅចំពោះមុខគណៈកម្មការទាំង៧រូប ជាលទ្ធផលកម្មវិធីបានស្វែងរកឃើញម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ទំាង៤រូប ជាស្ថាពរ។
ខាងក្រោមជាជយលាភីទាំង ៤ សម្រាប់ការប្រកួតសហគ្រិនជាតិឆ្នាំ២០២១ នេះ។
- ម្ចាស់ជយលាភីលេខ៤ បានទៅលើ លោកស្រី រី ថានី (ម្ចាស់អាជីវកម្ម នរា អង្គរ ហេនឌីក្រាហ្វ ឯ.ក មកពីខេត្តសៀមរាប)
- ម្ចាស់ជយលាភីលេខ៣ បានទៅលើ លោក យិន សុភាព (ម្ចាស់អាជីវកម្ម សាលារៀនគ្រូយើង មកពីខេត្ត រតនៈគិរី)
- ម្ចាស់ជយលាភីលេខ២ បានទៅលើ លោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី (ម្ចាស់អាជីវកម្ម ឡាផ្លេនថេសិន មកពីខេត្តកំពត)
- ម្ចាស់ជយលាភីលេខ១ បានទៅលើ លោក ហៃ លីអ៊ាង (ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ) ។