ធនាគារ ABA សម្រេចទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារ ពីក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ សម្រាប់គម្រោងព្រលានយន្តហោះ

ជុំវិញ​ឧកញ៉ា

ធនាគារ ABA បានសម្រេចចុះហត្ថលេខាទិញមូលបត្របំណុលមានតម្លៃ ៣០លានដុល្លារ សម្រាប់វិនិយោគលើក្រុមហ៊ុនសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ នៅថ្ងៃអង្គារ៍ ទី១៤ ខែធ្នូនេះ ពីក្រុមហ៊ុន OCIC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC), Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ ABA សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន៣០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយាន្តដ្ឋានតេជោ ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ។

ការសម្រេចចិត្តទិញមូលបំណុលតម្លៃ ៣០លានដុល្លារនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពេលទៅពិនិត្យមើលវឌ្ឍនភាពសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ កាលពីថ្ងៃទី៩ ខែធ្នូ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

បើតាមអ្នកឧកញ៉ា មកដល់ពេលបច្ចុប្បន្ននេះដំណើរការសាងសង់សម្រេចបានប្រមាណ ២៧ភាគរយហើយ នៃគម្រោងទាំងមូល ដោយប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប ៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកប្រមាណ ៣,១២៥នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីចំនួន ៦១៥នាក់។

«អាកាសយានដ្ឋានអន្តរជាតិតេជោ» ថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ៕