សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលមានតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ក្រោមវត្តមានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន។



វត្តមានសណ្ឋាគារ តម្លៃ១៨០លានដុលារ«ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ត្រូវបានអ្នកជំនាញរំពឹងថា នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ ដូចជាភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឨ្យប្រើប្រាស់នៅព្រឹកនេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញការជឿជាក់ថា សណា្ឋគារមួយនេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់ការរស់នៅបែបទាន់សម័យស៊ីវិល័យដូចអារ្យប្រទេសផ្សេងៗស័ក្តិសមទៅនឹងការវិវឌ្ឍ និងការប្រសើរឡើងជាងមុននៃជីវភាពរបស់ប្រជាពលនៅក្នុងប្រទេសកម្ពុជា ដែលនេះឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច និងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋគ្រប់រូបពេលប្រទេសមានសន្តិភាពពេញលេញ។


គួររំឭកជូនថា ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សណ្ឋាគារនាដើមឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់គ្រោងអគារទាំងមូលនាពាក់កណ្តាលឆ្នាំ២០១៩។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានបញ្ចប់ការសាងសង់ស្ថាពរ និងដំណើរការសាកល្បងនៅដើមឆ្នាំ២០២១ ដោយត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧,០៣១ម៉ែត្រក្រឡា ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដោយប្រើប្រាស់ថវិការវិនិយោគសរុបចំនួន ១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្លៃសាងសង់សំណង់៕


