ក្រុមហ៊ុន ជីប ម៉ុង បានចំណាយទឹកប្រាក់ប្រមាណ ៥លានដុលារអាមេរិក សម្រាប់អភិរក្សអគារបុរាណសម័យបារាំង និងចូលរួមកែប្រែសោភ័ណភាពរបស់សហគមន៍ជុំវិញសណ្ឋាគារលំដាប់ផ្កាយ ៥ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ក្នុងទំហំទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងពិធីសម្ពោធដាក់ឨ្យប្រើប្រាស់នៅព្រឹកថ្ងៃពុធ ទី១៥ ធ្នូនេះ។
អ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានចំណាយទឹកប្រាក់ប្រហែល៥លានដុល្លារអាមេរិក ដើម្បីអភិរក្សអគារបុរាណសម័យអាណានិគមបារាំងដែលបច្ចុប្បន្នក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវយ៉ាងប្រណិតចំកណ្តាលសណ្ឋាគារដ៏ស្កឹមស្កៃនេះ។
មិនត្រឹមតែប៉ុណ្ណោះ វត្តមាននៃសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នឹងចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនៃសោភ័ណភាពរាជធានីភ្នំពេញ ក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្ម ដ៏សម្បូរបែបមួយនេះផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង ក៏បានកែប្រែសោភ័ណភាពរបស់សហគមន៍ជុំវិញសណ្ឋាគារនេះ តាមរយៈការពង្រីកផ្លូវលេខ១៧៨ ខាងមុខសណ្ឋាគារដោយភ្ជាប់ពីមហាវិថីព្រះនរោត្តម រហូតដល់វិថីព្រះស៊ីសុវត្ថិ ដោយចំណាយទឹកប្រាក់រហូតដល់ជាង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ាបន្ថែម។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន ជីប ម៉ុង ក៏បានចូលរួមចំណែកការងារអភិរក្សអគារសិក្សារដែលមានអាយុចំណាស់មួយសតវត្ស ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ៕