ដំណឹងល្អសម្រាប់មន្ត្រីរាជការ កំពុងបម្រើការលើទឹកដី ក្រុងបាវិត ខេត្ត ស្វាយរៀង ដែលមិនទាន់មានផ្ទះស្នាក់នៅ ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលកំពុងតែបោះទុនវិនិយោគសំណងផ្ទះល្វែងរាប់ពាន់ស្វែងនៅលើទីក្រុងថ្មីជាប់ព្រំប្រទល់វៀតណាមនេះ បានប្រកាសថា នឹងផ្ដល់ផ្ទះចំនួន៣០ល្វែងជាជំហានដំបូង ជូនមន្ត្រីរាជការដែលមិនទាន់មានផ្ទះស្នាក់ ដោយមិនគិតប្រាក់ឡើយ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនដែលទិញផ្ទះពីលោកក៏ ទទួលបានផលចំណេញជាច្រើនភ្លាមៗមកវិញផងដែរ។ នេះបើតាមការលើកឡើង ក្នុងជំនួបមួយ រវាង លោកអភិបាលក្រុង បាវិត ជាមួយក្រុមអ្នកវិនិយោគ១ក្រុម នៅសាលាក្រុង បាវិត កាលពីព្រឹកថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។
ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក អភិបាលក្រុងបាវិត ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បាននាំអ្នកវិនិយោគជាតិនិងអន្តរជាតិជាច្រើនរូប ដើម្បីបង្ហាញបំណង របស់អ្នកជំនួញទាំងនោះ ចង់ចូលមក វិនិយោគលើទឹកដី បាវិត លោក ឧកញ៉ាបណ្ឌិតដែលមានប្រវត្តិ ពីអ្នករត់ម៉ូតូឌុបរូបនេះ បានលើកឡើងថា ដោយមើលឃើញ ទីក្រុង បាវិត ជាទីក្រុងមួយមានសក្ដានុពលខ្លាំងក្នុងការវិនិយោគ បច្ចុប្បន្នក្រុមហ៊ុនរបស់លោក បានកំពុងតែបោះទុនលើទឹកប្រាក់ជាច្រើនលានដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះល្វែង ដោយនៅក្នុងនោះក្រុមហ៊ុនបាន រចនាផ្ទះឡើង ទៅតាមតម្រូវការអតិថិជន ទាំងអ្នកមានចំណូលខ្ពស់ ចំណូលមធ្យម និង ចំណូលទាប។
ទន្ទឹមគ្នានោះដែរ ដើម្បីរួមចំណែកដល់ រដ្ឋាភិបាល ក៏ដូចជា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនរបស់លោក បានសហការជាមួយក្រុមហ៊ុនមួយមកពីប្រទេសជប៉ុនឈ្មោះថា ក្រុមហ៊ុន ECCJ Real Estate ដោយក្រុមហ៊ុនជប៉ុនមួយនេះ នឹងជួលផ្ទះ ពីអតិថិជនដែលមកទិញនៅក្នុងបុរី របស់លោក ដើម្បីជូនមន្ត្រីរាជការស្នាក់នៅ ដោយមិនគិតប្រាក់ រយៈពេល៥ឆ្នាំ។
ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា បានពន្យល់ថា ក្រុមហ៊ុនជប៉ុន ECCJ Real Estate ដំបូងឡើយជាអង្គការទេ ប៉ុន្តែក្រុមហ៊ុនមានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេសផ្ដល់ជូនដល់មន្ត្រីរាជការ ដែលចង់បានផ្ទះស្នាក់នៅ (second house) ដោយក្រុមហ៊ុនមានម្ចាស់ជំនួញជាច្រើន ក្នុងការជួយគាំទ្រលើគម្រោងនេះ។
លោកឧកញ៉ាបណ្ឌិតប្រាប់ថា ជំហានដំបូង ECCJ Real Estate នឹងផ្ដល់ជូនមន្ត្រីរាជការធ្វើការនៅ ក្រុង បាវិតនេះ ចំនួន៣០ល្វែង ដោយឲ្យពួកគាត់រស់នៅចំនួន៥ឆ្នាំ សាកល្បងដោយមិនគិតប្រាក់ គ្រាន់តែពួកគាត់បង់ថ្លៃទឹកថ្លៃភ្លើង តែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ លោក ឧកញ៉ា និងជាម្ចាស់បុរី” វិចិត្រដារ៉ា” ខាងលើ បានបញ្ជាក់ថា ការផ្ដល់ជូននេះ មិនមែនតែលើមន្ត្រីរាជការប៉ុណ្ណោះទេ អតិថិជនដែលបានទិញផ្ទះក្នុងបុរី របស់លោក នឹងមានឱកាសទទួលប្រាក់ចំណូលពីផ្ទះមកវិញភ្លាមៗតែម្ដង ដោយនៅក្នុងនោះ គ្រប់ផ្ទះទាំងអស់ ដែលអតិថិជនបានទិញ ប្រសិនបើចង់ដាក់ជួលវិញ ក្រុមហ៊ុនជប៉ុន ECCJ Real Estate នឹងធ្វើកិច្ចសន្យាជួលវិញ ភ្លាមៗ ដោយក្នុង១ ខែ អាចទទួលបានចាប់ពី៦០០ ដុល្លារឡើង ក្នុងផ្ទះ១ល្វែង កុងត្រា រយៈពេល៥ឆ្នាំឯណោះ។
“អ្នកទិញក្នុងបុរីយើង គឺចំណេញភ្លាមៗបើសិនជាគាត់ចង់ជួល ក្រុមហ៊ុនជប៉ុន ECCJ Real Estate ជួលគាត់វិញ ដោយក្នុង១ខែ គាត់ជួលក្នុងតម្លៃ៦០០ ដុល្លារ ហើយកុងត្រា៥ឆ្នាំម្ដង”ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា បញ្ជាក់។
លោក HIROTAKA SATO នាយក ក្រុមហ៊ុនជប៉ុន ECCJ Real Estate បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានដៃគូក្រុមហ៊ុន វិនិយោគជាច្រើន ដែលកំពុងតែចូលមកវិនិយោគក្នុងប្រទេសកម្ពុជា នឹងមួយចំនួនទៀត កំពុងតែមានបំណងមកសិក្សាស្វែងយល់ លើគម្រោងវិនិយោគជាច្រើនទៀតក្នុងប្រទេសកម្ពុជា។ លោកថា ក្រៅពីការផ្ដល់ ផ្ទះស្នាក់នៅដល់ប្រជាជនខ្មែរ ជាពិសេសមន្ត្រីរាជការ ដោយឥតគិតថ្លៃ ECCJ Real Estate ចាប់អារម្មណ៍ខ្លាំង លើការបើកកាស៊ីណូ លើទឹកដីបាវិតនេះ ហើយក្រុមហ៊ុនមានបំណងវិនិយោគលើជំនួញនេះឆាប់ៗផងដែរ។
ជាការឆ្លើយតប លោក លឹម សៀកហេង អភិបាលក្រុង បាវិត បានស្វាគមន៍ លើគម្រោងគម្រោងវិនិយោគទាំងនោះ។ លោក អភិបាល លើកឡើងថា វាដំណឹងល្អណាស់សម្រាប់មន្ត្រីរាជការ នៅពេលដែលមានក្រុមហ៊ុនបានគិតគូរពីសុខទុក្ខមន្ត្រីរាជការបែបនេះ។
សម្រាប់មន្ត្រីរាជការធ្វើការក្នុងក្រុង បាវិតនេះ លោកអភិបាលបានឲ្យដឹងថា មួយចំនួនមានមកពីខេត្ត ឆ្ងាយ នឹងមួយចំនួនទៀត រស់នៅក្នុងខេត្ត ប៉ុន្តែ ផ្ទះឆ្ងាយពីកន្លែងធ្វើការ ដោយពួកគាត់ ភាគច្រើនស្នាក់នៅ ផ្ទះជួលក្បែរកន្លែងធ្វើការ ដូចនេះការសន្យាផ្ដល់ជូនខាងលើពិតជាដំណឹងល្អ សម្រាប់មន្ត្រីរាជការទាំងអស់នោះខ្លាំងណាស់។ ក្នុងនាម អាជ្ញាធរលោក អភិបាលបានសន្យា និង ការពារធានាសន្តិសុខ សុវត្ថិភាពជូនដល់ អ្នកវិនិយោគ។ ក្នុងថ្ងៃនោះដែរ លោកអភិបាលក្រុង និង ក្រុមអ្នកវិនិយោគក៏បានចុះទៅមើលទីតាំងក្នុងគម្រោងដែលកំពុងតែសម្រុកការសាងសង់ ដែលប្រហែលជា១៨ ខែ ទៀត ផ្ទះទាំងនោះ នឹងធ្វើរួចរាល់ មន្ត្រីរាជការអាចចូលស្នាក់នៅបានហើយ។ បុរី”វិចិត្រដារ៉ា” មានទីតាំងស្ថិត ក្នុង ភូមិ បាវិតលើ សង្កាត់ បាវិតលើ ក្រុង បាវិត ខេត្ត ស្វាយរៀង។
សូមបញ្ជាក់ផងដែរថា ក្រុងបាវិតជាច្រក អន្តរជាតិដ៏សំខាន់សម្រាប់ចរាចរផ្លូវគោករវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។ ក្រៅពីការបង្កើតជាតំបន់កម្សាន្តរវាងប្រជាជននៃប្រទេសទាំងពីរ តំបន់នេះនៅមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសវៀតណាម។ បច្ចុប្បន្នទីក្រុងថ្មី ជាប់ព្រំប្រទល់វៀតណាមមួយនេះ សំណង់អគារខុនដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លឹបកម្សាន្ត ផ្សារទំនើប រោងចក្រ កំពុងសម្រុកការសាងសង់បន្ថែមយ៉ាងគំហុក៕