បើនិយាយឈ្មោះអ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រិយមិត្តជាច្រើនបានស្គាល់ពីសាវតារបស់លោកនៅក្នុងសង្គមកម្ពុជា។ ថ្មីៗនេះលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងមិត្តភ័ក្រ្តដែលមានវ័យប្រហែលោក ឬអាចនិយាយបានថា មិត្តភ័ក្រ្តម្នាក់នេះ ចាប់ផ្តើមចេញរកស៊ីក្នុងជំនាន់ជាមួយគ្នា ដោយផ្តើមរកស៊ីកវែកកឆ្នាំងក្រោយសង្គ្រាមដ៏រាំរ៉ៃ។
បើគិតមកដល់ពេលបច្ចុប្បន្ននេះ រវាងមិត្តភ័ក្រ្តទាំងពីរ មានអាណាចក្រជំនួញប្រាក់លានជាច្រើននៅក្នុងដៃ ដែលបង្កើតការងារបានរាប់ពាន់កន្លែងឲ្យប្រជាពលរដ្ឋនិងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ។ បើក្រឡែកទៅមើលអាជីវកម្មរបស់អ្នកឧកញ៉ា ភាព ហៀក វិញ ស្ទើរតែមានប្រជាជនទូទាំងប្រទេសបានស្គាល់តាមរយៈផលិតផលជាច្រើននៅលើទីផ្សារ ដែលស្ថិតក្រោមក្រុមហ៊ុនមេ ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនវិនិយោគដោយជនជាតិខ្មែរ ១០០ភាគរយ ដែលមានឥទ្ធិលពលដ៏ខ្លាំងខ្លាមួយនៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះស្ទើតែក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី អ្នកជំនួញក្នុងពហុវិស័យ និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានសម្តែងនូវការអរគុណចំពោះពួកម៉ាករបស់លោក (អ្នកឧកញ៉ា ភាព ហៀក) និងកូនប្រុសទី២ ដែលជាម្ចាស់សណ្ឋាគារ Hyatt ភ្នំពេញ គឺអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ដែលបានអញ្ជើញរូបលោក និងភរិយាមកអាហារពេលល្ងាច និងបាននាំដេីមេីលរចនាបថជាច្រើនកន្លែង នៅក្នុងបរិវេណសណ្ឋាគារទាំងមូល។
អ្នកឧកញ៉ាថ្លែងថា៖ “សូមថ្លែងអំណរគុណដែលពួកម៉ាក (អ្នកឧកញ៉ា ភាព ហៀក) នៅមិនបំភ្លេចគ្រាក្រលំបាក“។
គួររម្លឹកជូនឡើងវិញថា សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលមានតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។