អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ធ្នូនេះ បានចេញមកអះអាងទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវមុី ថា មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។
ការចេញមកអះអាងដូច្នេះ របស់អ្នកនាំពាក្យប៉ូលិសក្រុងនៅពេលនេះ ក្រោយមាមករណីក្រុមចោរប្រដាប់អាវុធចំនួន៤ នាក់ នៅវេលាម៉ោង ១០:៤០នាទី ព្រឹកថ្ងៃ១ ធ្នូនេះ បានចូលប្លន់ដល់ក្នុងភូមិគ្រឹះឧកញ៉ា អ៊ាន សៀវម៉ី ស្ថិតនៅ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយក្រុមចោរបានចូលយកគ្រឿងអលង្ការ និងទឹកប្រាក់មួយចំនួន។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយកើតហេតុ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះឧកញ៉ា អ៊ាន សៀវមុី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ។ ការចុះផ្សាយដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ។
ស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ ។
ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលរាជធានី សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វេីការចុះផ្សាយ ចៀសវាងធ្វេីឱ្យមានភាពច្របូកច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ជាដេីម។ ខណៈដែលពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះ៕
អ្នកនាំពាក្យប៉ូលិសក្រុង បដិសេធថា ជនមិនស្គាល់មុខចូលប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវមុី មិនបាត់បង់ទឹកប្រាក់ ១០លានដុល្លារនោះទេ
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព