តើគោរម្យងារ “ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា” មានន័យយ៉ាងដូចម្តេចក្នុងសង្គមខ្មែរ?
គោរមងារ “ឧកញ៉ា” ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាម សេចក្តីក្រាបបង្គំទូលថ្វាយជាផ្លូវការរបស់នាយករដ្ឋមន្ត្រីបន្ទាប់ ពីមាននូវលិខិតការវាយតម្លៃពីគណៈកម្មការផ្តល់គោរមងារ និងគ្រឿងឥស្សរិយយស នៃទីស្តីការគណៈរដ្ឋមន្ត្រី។ គោរម្យងារ«ឧកញ៉ា អ្នកឧកញ៉ា និងលោកឧកញ៉ា» ជាងារកិត្តិយស ដែលព្រះករុណា ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់ ប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិចាគទ្រព្យធន វិភាគទានចូលរួមចំនែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រលាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ ទើបទទួលបានងារកិត្តិយស ជា “ឧកញ៉ា” ។
យោងទៅតាមអនុក្រឹត្យឆ្នាំ២០១៧ បានកែសម្រួលអនុក្រឹត្យឆ្នាំ១៩៩៤ ដោយប្តូរពី ១០ម៉ឺនដុល្លារអាមេរិក (១០០,០០០$) មកជា ៥០ម៉ឺនដុល្លារអាមេរិក (៥០០,០០០$) ទើបរាជរដ្ឋាភិបាលអាចធ្វើការស្នើសុំព្រះរាជក្រឹត្យតែងតាំងជា “ឧកញ៉ា” រីឯការធ្វើជាអំណោយជូនរដ្ឋលើសពី ១០ម៉ឺនដុល្លារអាមេរិកវិញ ត្រូវទទួលបានត្រឹមគ្រឿងឥស្សរិយយសជាតូបការតែប៉ុណ្ណោះ។
ចំពោះអត្ថន័យពិតដែលយើងបានដកស្រង់ចេញពីសៀវភៅវចនានុក្រមខ្មែរ សម្តេចសង្ឃរាជ ជួន ណាត ភាគ ១ បានបង្ហាញអត្ថន័យឱ្យដឹងថា គោរមងារ «ឧកញ៉ា» គឺមានស័ក្តិតូចជាង «អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា»។ រីឯគោរមងារ «អ្នកឧកញ៉ា» គឺមានស័ក្តិតូចជាង «លោកអ្នកឧកញ៉ា»។
គោរមងារ “ឧកញ៉ា” ជាគោរមងារមួយដែលមានក្នុងក្រុងកម្ពុជាតាំងតែពីបុរាណសម័យមក និងបន្តប្រើប្រាស់រហូតដល់បច្ចុប្បន្នគ្រាន់តែមានការផ្លាស់ប្តូរនូវគោលការណ៍មួយចំនួនតែប៉ុណ្ណោះ ។
“ឧកញ៉ា” ត្រូវបានប្រើប្រាស់ជាគោរមងារសម្រាប់មន្ត្រីរាជការជាន់ខ្ពស់ តែក្រោយជំនួសមកវិញនូវគោរមងារ សម្តេច និង ឯកឧត្តម លោកជំទាវ វិញ ទើបគោរមងារនេះត្រូវបានធ្វើការផ្លាស់ប្តូរវិញ ដោយបង្វែរមកផ្តល់ឲ្យសប្បុរសជនដែលបានបរិច្ចាគថវិកាក្នុងកិច្ចកសាងអភិវឌ្ឍប្រទេសជាតិវិញ។
យ៉ាងណាទាំងនេះគ្រាន់តែជាគោរមងារសម្រាប់ហៅប៉ុណ្ណោះ ដែលសំខាន់គឺបុគ្គលទទួលបានគោរមងារទាំងនេះ សុទ្ធតែមានស្នាដៃ ក៏ដូចជាបានរួមចំណែកបរិច្ចាគថវិកាយ៉ាងច្រើនជួយដល់ការអភិវឌ្ឍប្រទេសជាតិ៕