ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ត្រូវបានព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងសកម្មភាពកសាងសង្គមជាតិនាពេលកន្លងមក។
ពិធីបំពាក់គ្រឿងឥស្សរិយយស ជូនឧកញ៉ា ឡេង ប្រុស ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូម្សិលមិញនេះ ដែលចូលរួមផ្តល់កិត្តិយសនិងបំពាក់ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺន ជំនាន់ទី២៧ និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស។

ក្រោយទទួលបានគ្រឿងឥស្សរិយយសដ៏ខ្ពស់នេះ ឧកញ៉ា ឡេង ប្រុស បានបង្ហាញនូវទឹកចិត្តរីករាយជាខ្លាំង និងបានគោរពថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ បានប្រោសប្រទានគ្រឿងឥស្សរិយយស និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រោសប្រទានគ្រឿងឥស្សរិយយស។

ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។
ឧកញ៉ា ឡេង ប្រុស បានចាត់ទុកការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល គឺជាការងារដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យជាតិកាន់រីកចម្រើន និងរុងរឿង៕