ទោះបីជារាជរដ្ឋាភិបាល សម្រេចទាត់ចោលគម្រោងអភិវឌ្ឍន៍ និងមុខជំនួញគ្រាក់ៗមួយចំនួនយ៉ាងណាក្តី ម្ចាស់ក្រុមហ៊ុន ING ឧកញ៉ា អ៊ឹង ប៊ុនហូវ នៅតែអាចឈរជើងក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈប្រាក់ចំណូលបង្កើតប្រាក់ចំណេញរាប់រយលានដុល្លារអាមេរិកនេះលោកតែងតែផ្តល់ត្រឡប់មកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាមួយរដ្ឋាភិបាលកម្ពុជា។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន ING Holdings បានបរិច្ចាគថវិកា ១លានដុល្លារ ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តើឧកញ៉ា អ៊ឹង ប៊ុនហូវ ចាប់ផ្តើមចេញរកស៊ីពីពេណា និងជួបព្យុះភ្លៀងយ៉ាងដូចម្តេចខ្លះ សូមតាមដានជាមួយសារព័ត៌មានឧកញ៉ាញូស៍ដូចតទៅ៖
លោកបានបង្កើតក្រុមហ៊ុន AZ Group នៅឆ្នាំ១៩៩៣ ជាមួយនឹងសហការីជាន់ខ្ពស់ ២រូប គឺឧកញ៉ា លឹម រស់ ឧកញ៉ា លឹម ប៊ុនសួរ។ លោក ជានាយកក្រុមហ៊ុន AZ Distribution Co., Ltd. ជាក្រុមហ៊ុនទទួលបម្រើសេវាយកលុយពីផ្លូវជាតិលេខ ៤ រយៈពេល ៣៥ ឆ្នាំ។ ក្រោយជោគជ័យបង្កើតទ្រព្យសម្បត្តិលោកក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ។
នៅឆ្នាំ២០០៥ ឧកញ៉ា អ៊ឹង ប៊ុនហូវ បានវិនិយោគបន្ថែមទៅលើក្រុមហ៊ុន ING Holding Co.,LTD ដែលផ្តោតលើគម្រោងអភិវឌ្ឍន៍ដីធំៗនៅភាគខាងត្បូង និងខាងកើតនៃរាជធានីភ្នំពេញ រួមនឹងទំហំដីដ៏សន្ធឹកសន្ធាប់នៅខេត្តសៀមរាប និងព្រះសីហនុ សុទ្ធសឹងតែជាកន្លែងមានសក្តានុពលសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ឬអាចនិយាយបានថា ដង្ហើមសេដ្ឋកិច្ចសំខាន់ៗនៃការលើកមុខមាត់កម្ពុជានៅឆាកអន្តរជាតិ។
លោកធ្លាប់បានឈរឈ្មោះជាអ្នកតំណាងរាស្ត្រពេញសិទ្ធិគណបក្សប្រជាជនកម្ពុជា លំដាប់លេខរៀងទី ៦ នៅមណ្ឌលខេត្តតាកែវ នាអាណត្តិទី ៤ ហើយក៏បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ប៉ុន្តែឧកញ៉ារូបនេះបានដកខ្លួន មិនធ្វើជាអ្នកតំណាងរាស្ត្រទេ លោកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០៨ ។
ឧកញ៉ា ប៊ុនហ៊ូវ ក៏ជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី ៤ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ៤ ខែកញ្ញា ២០០៦។ ប៉ុន្តែនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៥ លោកត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចឲ្យឈរឈ្មោះជាបេក្ខជន តំណាងរាស្ត្របម្រុងលំដាប់លេខរៀងទី ២ នៅមណ្ឌលខេត្តកំពង់ឆ្នាំងវិញ ប៉ុន្តែលោកមិនបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រទេ។
ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលជានាយកក្រុមហ៊ុន AZ Distribution Co., Ltd. ក៏ធ្លាប់ត្រូវបានបញ្ចប់ពីមុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើរដ្ឋមន្ត្រីពុំទទួលប្រាក់បៀវត្សរ៍ តាមព្រះរាជក្រឹត្យ ចុះតាំងពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៥ ដែលចុះហត្ថលេខាដោយសម្តេច ជា ស៊ីម ប្រមុខរដ្ឋស្តីទីបានលើកឡើងថា បញ្ចប់មុខតំណែងលោក អ៊ឹង ប៊ុនហ៊ូវ ពីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រីពុំទទួលប្រាក់បៀវត្សរ៍ តាមសំណើរបស់សាម៉ីខ្លួន។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្រី្ត បានចេញនូវលិខិតមោឃភាពប័ណ្ឌសម្គាល់សិទ្ធកាន់កាប់អចលទ្រព្យរបស់ក្រុមហ៊ុន ING Holding របស់ឧកញ៉ា អ៊ឹង ប៊ុនហូវ នៅតំបន់បឹងជើងឯក ដោយការមោឃភាពនេះ គឺដោយសារតែក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាលពាក់ព័ន្ធ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងផ្ទៃបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
ទោះជាមានការដកហូតគម្រោងនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តនូវគម្រោងថ្មីៗ និងគ្មានការប៉ះពាល់អ្វីធំដំឡើយដល់ការបង្កើតគម្រោងថ្មីៗ។ ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់ឧកញ៉ា អ៊ឹង ប៊ុនហូវ បានធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នឹងចងសម្ព័ន្ធក្រុមហ៊ុនកម្ពុជា និងក្រុងហុងកុង ដើម្បីរួមកម្លាំងអភិវឌ្ឍទីក្រុងនាគ នៅក្នុងតំបន់បឹងទំពុន និងជើងឯក លើផ្ទៃដី៥.៤ហិកតា តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន ហើយគម្រោងនេះនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់២៥ហិកតា។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយអិនជី ហូលឌីង ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានលើកឡើងថា «ក្រុមហ៊ុន ING Horlding បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុងមកភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថាទីក្រុង អ៊ឹង ស៊ីធី (ING City)»។
ការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ហើយមហាវិថីសម្តេច ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែ មេសា ឆ្នាំ២០១៧។
ក្រុមហ៊ុនសំណង់ អាហ្សែត ជាម្ចាស់គម្រោងទីក្រុងរណប ING City ដែលមានតម្លៃគម្រោងចុះបញ្ជីទុនវិនិយោគ ២ពាន់លានដុល្លារអាមេរិក និងមានផ្ទៃក្រឡាសាងសង់ជាង ២,៥០០ហិកតា។ បន្ថែមទៀតនោះ លោកក៏ជាម្ចាស់ពាណិជ្ជកម្មទំនើបមួយឈ្មោះថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ដែលវិនិយោគជាមួយក្រុមហ៊ុន Causeway Bay Group និងក្រុមហ៊ុន SINO Bay Construction Investment មកពីទីក្រុង ហុងកុង។
ពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនទាំងបី រួមមានឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយអិនជី ហូលឌីង លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េបេ គ្រុប និងលោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន៕