ដើម្បីលើកកម្ពស់ការយល់ដឹងដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំខ្លួនទទួលបានហិរញ្ញប្បទាននានាដែលមានស្រាប់នៅក្នុងទីផ្សារ ការបោះផ្សាយលក់មូលបត្រជាសាធារណៈ ការបោះផ្សាយលក់មូលបត្រជាឯកជន តាមរយៈប្រភពធនាគារ ក៏ដូចជាការវិនិយោគពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ សម្រាប់ក្រុមហ៊ុនដែលមានបំណងជ្រើសរើសហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ហើយដើម្បីឆ្លើយតបជុំវិញរឿងនេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ក្រោមវត្តមានលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
និយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា វាគ្មិនកិត្តិយសនៃសិក្ខាសាលានេះ គឺជាអ្នកជំនាញក្នុងវិស័យមូលបត្រដែលមកពីស្ថាប័ន និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេសស្ទ័រ ឃែភីថល ផាតនើរ ក្រុមហ៊ុន ប៊ី ខេភីថល ភីអិលស៊ី ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ជាដើម។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានវាយតម្លៃថា សិក្ខាសាលាស្ដីពី “ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជន ជាពិសេសវិស័យសហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាដៃគូដែលមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ខណៈដែលនាពេលកន្លងទៅបុត្តសម្ព័ន្ធក្រុមហ៊ុនរបស់លោក គឺក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណែត Ezecom/Telcotech ដែលជាក្រុមហ៊ុនបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ បានប្រកាសពីដំណើការនៃការបោះផ្សាយលក់មូលបត្របំណុលក្នុងតម្លៃ២០លានដុល្លារ ឬស្មើនឹង៨០ពាន់លានរៀល។
អ្នកឧកញ៉ា គិត ម៉េង ថ្លៃថា «ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវ និងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារ ដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ។ ខ្ញុំទន្ទឹងរង់ចាំមើលអនាគតឌីជីថល ដែលនឹងកាន់តែរីកចម្រើន ដោយសារមូលបត្របំណុលនេះ»។
លោកបន្តថា «សម្រាប់ខ្ញុំ ការបង្កើនដើមទុនតាមរយៈទីផ្សារមូលធន គឺជាជម្រើសដ៏ល្អប្រសើរ។ បន្ទាប់ពីបានសិក្សាពីអត្ថប្រយោជន៍នៃការចុះបញ្ជីក្រុមហ៊ុនលើការបោះផ្សាយលក់មូលបត្រជាឯកជន ខ្ញុំ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្រេចចិត្តចុះបញ្ជីក្រុមហ៊ុន Telcotech/Ezecom ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប។ បន្ទាប់ពីចុះបញ្ជី ខ្ញុំបានកត់សម្គាល់ឃើញ ថាមានភាពខុសគ្នា និងមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេស កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនទាំងមូល»។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា នៅពេលនោះ មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិជាច្រើន ទាំងក្នុងនិងក្រៅប្រទេសបានចុះផ្សាយអំពី Telcotech/Ezecom។ ក្រុមហ៊ុនរបស់លោកកាន់តែមានស្តង់ដារ និងមានតម្លាភាព មានអ្នកវិនិយោគកាន់តែច្រើនចាប់អារម្មណ៍មកបណ្តាក់ទុនជាមួយលោក ហើយនៅពេលដែលលោកចង់ទទួលបានហិរញ្ញប្បទានបន្ថែមតាមរយៈបណ្តាញផ្សេងទៀត ការចំណាយក៏កាន់តែថោកផងដែរ។
អ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្តីរំពឹងថា ក្រុមហ៊ុនជាច្រើនទៀតដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប នឹងមកបណ្តាក់ទុនតាមរយៈទីផ្សារមូលធន។ ទន្ទឹមនឹងការមើលឃើញឱកាសហិរញ្ញប្បទាន លោកឧកញ៉ាក៏ឃើញនូវឱកាសវិនិយោគក្នុងទីផ្សារផងដែរ។ លោកថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនគ្រប់គ្រងដទៃទៀត ដើម្បីនាំយកបច្ចេកវិទ្យា ការគ្រប់គ្រង និងយុទ្ធសាស្ត្រអាជីវកម្មថ្មីៗ និងនាំយកអ្នកវិនិយោគថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវក្រុមហ៊ុនមួយកម្រិតថែមទៀត៕