វិស័យកសិកម្ម នៅតែត្រូវបានរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះប្រជាជនប្រមាណជា ៧៦% នៃចំនួនប្រជាជនសរុប កំពុងរស់នៅតំបន់ជនបទ ខណៈវិស័យកសិកម្មបានផ្តល់ការងារចំនួន ៣១,២% នៃចំនួនការងារសរុប និងបានចូលរួមចំណែក ២០,៧% ចូលទៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ផ.ស) ក្នុងឆ្នាំ២០១៩។
វិបត្តិសកលដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចកម្ពុជាផងកំពុងដើរថយក្រោយ ខណៈកម្ពុជាទើបតែបើកសង្គមសេដ្ឋកិច្ចឡើងវិញនៅខែចុងឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើង នៅព្រឹកថ្ងៃពុធ ទី២៩ធ្នូនេះ សមាគមចំនួន ៣ គឺសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សមាគមវារីវប្បករនៅកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជារួមនឹងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម (ចេក បន្លែ) ដំណាំដូងប្រេង និងកៅស៊ូ បានជួបជជែកគ្នារកធាតុចូលទៅឱ្យគណៈកម្មការទី ៣ នៃព្រឹទ្ធសភា ដើម្បីជំរុញការផលិត និងបំពេញតម្រូវការទីផ្សារក្នុងប្រទេស ក៏ដូចជានាំនាំចេញជាដើម។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា ដែលជាអ្នកដឹកនាំកិច្ចប្រជុំ បានឲ្យដឹងថា កិច្ចពិភាក្សានេះ ដើម្បីពិភាក្សាប្រមូលធាតុចូលសំខាន់ៗ ក្នុងន័យជួយជំរុញលេីវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ ដេីម្បីជួយដល់កសិករខ្នាតតូច មធ្យម និងខ្នាតធំ សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញ។

សូមជម្រាបថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ការវិនិយោគសាធារណៈ និងការវិនិយោគឯកជននៅលើវិស័យកសិកម្មបានមានការកើនឡើង ដោយសារមានការផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការអភិវឌ្ឍ និងការធ្វើពិពិធកម្មវិស័យកសិកម្ម។
កន្លងមកអ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកឡើងថា ប្រទេសកម្ពុជាទទួលបានជោគជ័យតិចតួចក្នុងការកែច្នៃផលិផលកសិកម្ម ផលនេសាទ និងបសុសត្វ ទៅជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ដោយហេតុថាមានភាពខ្វះខាត និងភាពយឺតយ៉ាវក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបៗដូចជាប្រព័ន្ធធារាសាស្ត្រជាដើម។

ទោះជាយ៉ាងណាក៏ដោយ ការផ្ដល់កម្ចីទៅដល់វិស័យកសិកម្មមានការកើនឡើង ដោយសារកំណើនតម្រូវការនៃផលិតផលកសិកម្មនៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទោះបីជាមានការថយចុះនៃកំណើនឥណទានក្នុងស្រុកជារួមយ៉ាងណាក្ដី។ ក្នុងរយៈពេល ០៧ ខែដំបូងនៅឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសមកក្នុងវិស័យកសិកម្ម រួមទាំងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម មានចំនួន ១០០ លានដុល្លារ កើនពី ៣៤ លានដុល្លារ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩៕