ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំៗ សេដ្ឋីទាំង៦ នាក់ជាតួអង្គសំខាន់ៗ ដែលបានបោះទុនវិនិយោគនៅក្នុងវិស័យសំណង់និង អចលនទ្រព្យរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ សេដ្ឋីអចលនទ្រព្យល្បីឈ្មោះទាំង ៦ រូបជាអ្នកអភិវឌ្ឍសាងសង់បុរីធំៗល្បីៗ រួមទាំងសំណង់លំនៅឋាននិង អគារពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។
១. អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ាជាអ្នកវិនិយោគលំនៅឋានដ៏មានឥទ្ធិពលនិងរឹងមាំនៅក្នុងពិភពជំនួញសាងសង់ផ្ទះសម្បែងអគារពាណិជ្ជកម្មទំនើបៗជាច្រើននៅកម្ពុជា។ អ្នកឧកញ៉ាបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងបុរីលំនៅឋាននិង អគារពាណិជ្ជកម្មធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញដូចជាបុរីទន្លេបាសាក់បុរីចម្ការមនទីក្រុងរណបកោះពេជ្រ អូឡាំព្យាស៊ីធី នៅជុំវិញស្តាតអូឡាំពិកទីក្រុងរណបជ្រោយចង្វារ លំនៅឋានជាច្រើននៅជុំវិញផ្សារទំនើបរតនាផ្លាហ្សានិងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញអគារផ្សារទំនើបអគារខុនដូរ…និងបុរីលំនៅឋាននៅតាមបណ្តាខេត្តមួយចំនួនដូចជា សៀមរាប បាត់ដំបងនិង ខេត្តព្រះសីហនុជាដើម។

២. លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប៊ីរដគ្រុបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកឧកញ៉ា មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែពាណិជ្ជករខ្មែររូបនេះបានបង្កើតគម្រោងវិនិយោគនៅក្នុងវិស័យសំណង់និងអចលនទ្រព្យធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ។ គម្រោងទាំងនោះរួមមានអគារពាណិជ្ជកម្មនិងអគារស្នាក់នៅរួម TheBridge ដែលមានកម្ពស់៤៥ជាន់វិនិយោគក្នុងទឹកប្រាក់៣០០លានដុល្លារ ព្រមទាំងគម្រោងវិនិយោគសំណង់អគារធំៗជាបន្តបន្ទាប់ដូចជាអគារពាណិជ្ជកម្មសណ្ឋាគារនិងអគារស្នាក់នៅរួមដែលមានឈ្មោះថា ThePeak និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស Kerry និង សំណង់អគារអឹផាតមិនជាច្រើនទៀត។

៣. លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េងហួតគ្រុបបើនិយាយពីបុគ្គលឈ្មោះឧកញ៉ាថៃជាហួតមានមនុស្សមិនច្រើនទេដែលស្គាល់មុខលោកឧកញ៉ាចិត្តមុតគិតល្អិតល្អន់មើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍបុរីលំនៅឋាននៅកម្ពុជារូបនេះទេ។ ប៉ុន្តែបើនិយាយពីក្រុមហ៊ុនប៉េងហួតឬ បុរីប៉េងហួតៗត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ជាទូទៅថាជាអ្នកអភិវឌ្ឍលំនៅឋានដ៏ល្អបំផុតប្រចាំឆ្នាំល្អបំផុតនេះ ដោយសារមានការវាយតម្លៃដោយក្រុមអ្នកជំនាញអចលនទ្រព្យមកពីប្រទេសសិង្ហបុរីនិងថៃ។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ទៅលើការអភិវឌ្ឍបុរីលំនៅឋានប៉េងហួតរាប់សិបគម្រោងរាប់ម៉ឺនខ្នងផ្ទះនៅក្នុងរាជធានីភ្នំពេញនិង ជាយរាជធានីភ្នំពេញ។

៤. លោកឧកញ៉ា ហុង ពីវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពិភពថ្មី។កេរ្តិ៍ឈ្មោះឧកញ៉ាហុងពីវឡើងកូដយ៉ាងខ្ពស់ត្រដែតតាមរយៈការផ្តល់ជំនួយសប្បុរសធម៌ឥតសំចៃដៃរាប់លានដុល្លារអាមេរិកទៅដល់កាកបាទក្រហមកម្ពុជានិងមន្ទីរពេទ្យគន្ធាបុប្ជានិងជំនួយសប្បុរសធម៌ផ្សេងៗជាច្រើនទៀត។ លោកឧកញ៉ាត្រូវបានប្រជាជនទូទៅស្គាល់លោកតាមរយៈការវិនិយោគសាងសង់បុរីពិភពថ្មីរាប់សិបគម្រោងរាប់ម៉ឺនខ្នងផ្ទះនៅក្នុងរាជធានីនិងជាយក្រុងភ្នំពេញ។

៥. លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីហួរគ្រុប។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយលោកឧកញ៉ា បានផ្លាស់ប្តូរមុខមាត់កាន់តែល្បីល្បាញដោយសារតែ លោកបានបោះទុនវិនិយោគរាប់រយលានដុល្លារអាមេរិក ទៅលើគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីតៗជាច្រើនគម្រោងនៅក្នុងរាជធានីភ្នំពេញដែលមានឈ្មោះថាបុរីវិមានភ្នំពេញ។

៦. អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសាងភាពមានបានតាមរយៈគម្រោងពុះដីឡូត៍និង ក្រោយមកគឺការអភិវឌ្ឍលំនៅដ្ឋានតម្លៃទាបបំផុតនៅក្នុងទីក្រុង។ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា តែងតែមានមុខនៅក្នុងការបរិច្ចាកថវិកាដល់កាកបាទក្រហមនិង ជាចំណែកចូលរួមជួយសង្គមជាតិរហូតដល់ប្រជាជនមួយចំនួនដាក់រហស្សនាមក្រៅផ្លូវការថាជាឧកញ៉ាចិត្តធម៌។ តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះគឺលោកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិនិង លើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់រីកចម្រើន។
