ក្នុងពិធីសម្ពោធបើកដំណើរការសាខាទី ៧២ នៅស្រុកឈូក ខេត្តកំពត ដែលជាសាខាតំណាងចែកចាយបន្តថ្មីបន្ថែមទៀត របស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឧកញ៉ា ហ៊ួត ជា និងបុគ្គលិកក្រោមបង្គាប់ បាននាំយកនូវអំណោយសប្បុរធម៌ និងធនធានថវិកា ចែកជូនដល់លោកយាយ លោកតា ចាស់ជរា និងអ្នកខ្វះខាតជីវភាពជាច្រើនគ្រួសារ។
អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ ឧកញ៉ា ហ៊ួត ជា មានប្រសាសន៍ថា នេះជាទម្លាប់របស់ក្រុមហ៊ុនលោកទៅហើយ ដែលថាឱ្យតែអញ្ជើញទៅរូបនេះ បានបង្ហាញមហិច្ឆិតាថា និង កំណត់គោលដៅ ត្រៀមពង្រីកសាខាថ្មីបន្ថែមទៀត ឲ្យបាន ១០០ សាខា នៅដំណាច់ឆ្នាំ ២០២១ នេះ ដើម្បីក្លាយជាក្រុមហ៊ុនសំណង់ដ៏ធំ និងឈានមុខគេនៅក្នុងទីផ្សារប្រទេសកម្ពុជា។
ឧកញ៉ា ហ៊ួត ជា បានបន្ថែមថា សម្រាប់ឆ្នាំ២០២២ ខាងមុខ ក្រុមហ៊ុនលក់គ្រឿងសំណង់គ្រប់ប្រភេទរបស់លោក នឹងសម្រុកពង្រីកសាខា ពង្រាយម៉ាកយីហោលក់ហ្វ្រេនឆាយក្នុងស្រុកនេះ ឱ្យកាន់តែខ្លាំងក្លា ប្រកបដោយទំនុកចិត្ត និងនិរន្តរ៍ភាព។ គិតចាប់តាំងពីឆ្នាំ ២០១៨ មក ក្រុមហ៊ុនសំណង់របស់លោក ឧកញ៉ា ហ៊ួត ជា ពង្រីកសាខា និងមានតំណាងចែកចាយ ឥតឈប់ឈរ ដូចភ្លៀងរលឹម នៅទូទាំងប្រទេសកម្ពុជា។
ទន្ទឹមនឹងភាពជោគជ័យនៅក្នុងការបង្កើតយីហោហ្វ្រេនឆាយបែននេះ លោកឧកញ៉ា ហ៊ួត ជា បានបង្ហើបថា ៖ ប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ទើបធ្វើឲ្យតម្រូវការសំណង់បន្តរីកចម្រើនឡើងឥតឈប់ឈរ ហេតុដូច្នេះហើយទើបធ្វើឲ្យការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនតាមរយ:ការលក់ហ្វ្រេនឆាយនេះ ទទួលបានទំនុកចិត្តកាន់តែខ្លាំង និងមានអ្នកចុះឈ្មោះធ្វើតំណាងលក់តាមបណ្ដាស្រុក និងខេត្តនានា មានការកើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ តែងតែគោរពតាមគោលការណ៍ គុណភាពជាចម្បង តម្លៃសមរម្យ និងមានទំនួលខុសត្រូវខ្ពស់ តាំងពីដើមរៀងមក៕