រាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ កាលពីខែវិច្ឆិកាឆ្នាំទៅមិញ ដែលនាំឲ្យចលនាឈាមសេដ្ឋកិច្ចកំពុងវិលត្រឡប់មកបើកដំណើរការគ្រប់វិស័យឡើងវិញជាបណ្តើរៗ។ ជាបណ្តើរៗត្រង់នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់អំពីជំហរដ៏រឹងមាំ និងភាពជឿជាក់របស់កម្ពុជាក្នុងការចាកចេញពីជំងឺកូវីដ-១៩ ទៅតាមប្រក្រតីភាពថ្មីឡើងវិញ។
ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា រំពឹងបន្តងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ ៥% នៅឆ្នាំ២០២២។ ការកើនឡើងនេះ ដោយសារតែវិស័យឧស្សាហកម្មកាត់ដេរ, ទំនិញក្នុងផ្នែកធ្វើដំណើរ ស្បែកជើង និងឧស្សាហកម្មផលិតកង់ វិស័យកសិកម្ម វិស័យសំណង់និងអចលនទ្រព្យ រំពឹងថានឹងកើនឡើងជាសង្ឃឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។

ស្របជាមួយនឹងការបើកសង្គមសេដ្ឋកិច្ចឡើងវិញនៅពេលនេះរបស់រដ្ឋាភិបាល អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ក៏បានបង្ហាញទស្សនៈថា៖ មានដីនិងមានសំណាងល្អ យូរឬឆាប់សេដ្ឋកិច្ចការពង្រីកក្រុងជុំវិញ មានផ្លូវ ទឹក ភ្លើង បុរី រោងចក្រ ចូលដល់ច្រើនទៅ ដីនោះក៏មានហាងឆេងល្អ លក់បានរាប់ម៉ឺន។ យ៉ាងណា ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានអះអាងថា សំណាងល្អមិនធ្លាក់ពីលើមេឃទេ ហើយក៏មិននៅជាមួយមនុស្សគ្រាន់តែគិតចោលៗដែរ សំណាងល្អនឹងនៅជាមួយមនុស្សហ៊ានគិត ហ៊ានសម្រេចចិត្ត និងចាប់ផ្តើមចាប់យកឱកាសល្អៗនៅថ្ងៃនេះ។

ជាមួយនឹងការលើកឡើងនៅពេលនេះ ថ្ងៃនេះលោកក៏បានបង្ហាញទស្សន និងគំនិតមួយចំនួនសម្រាប់អ្នកចង់ទិញដី ហើយឲ្យមានការចំណេញ ទីមួយ ទិញដី ត្រូវគិតថា ចង់បានដីសម្រាប់ធ្វើផ្ទះ និងទិញដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ ទីពីរ ទិញដី កុំគិតតែរឿងចំណេញ គិតអោយចេញ ទិញដីអោយបានសិន ទីបី ទិញដី គឺរៀនរៀបចំគោលដៅ រៀនជួបនិងជជែកជាមួយអ្នកស្រឡាញ់ដី ចង់បានដី ឈ្នុុសឈ្នុល រកដីមានតម្លៃធូរថ្លៃ នោះយើង និងមានចិត្ត សន្សំលុយចង់បានដី ទិញមួយហើយ ទិញទៀត នោះយើងនិងមានដីច្រើន ទីបួន ទិញដី ត្រូវគិតពីដី ស្គាល់ពីការអភិវឌ្ឍន៍ដី ការរីកដាលនៃក្រុង នោះយើងប្រាកដជាមានដី និងទីប្រាំ ទិញដី ត្រូវទិញហើយរង់ចាំ កុំរង់ចាំទិញដី។
សូមរម្លឹកថា វិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំ២០២២ នឹងមានកំណើនយ៉ាងតិចក្នុងរង្វង់ ១០% បើធៀបនឹងឆ្នាំ២០២១។ ប៉ុន្ដែ វិស័យអចលនទ្រព្យ នៅឆ្នាំ២០២១កន្លងទៅ ត្រូវបានគេមើលឃើញថា មិនទំនងជាមានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ។ នេះបើយោងតាមការវាយតម្លៃរបស់ក្រុងមអ្នកជំនាញ និងអ្នកជំនួញអចលនទ្រព្យធំៗ។
យ៉ាងណាក៏ដោយឧកញ៉ា ផន វណ្ណិត បានគូសបញ្ជាក់បន្ថែមថា៖ “ដីនៅទីណាក៏ដោយឲ្យតែមាន និងអាចបង្កើនផលបានទាំងអស់ ធ្វើតិចបានតូច ធ្វើខ្លាំងបានធំ”។ លើសពីនេះលោកមានសុទិដ្ឋិនិយមខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំនេះ ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ៕
អត្ថបទទាក់ទង៖