ឥស្សរជន៣រូប ទទួលគ្រឿងឥស្សរិយយស “ជាតូបការ” ក្នុងថ្ងៃតែមួយជាមួយ ឧកញ៉ា ហេង បូរិន

ជុំវិញ​ឧកញ៉ា

បើយោងតាមព្រះរាជក្រឹត្យចេញដោយព្រះបរមរាជវាំង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ឧកញ៉ា ហេង បូរិន ម្ចាស់ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប មានឈ្មោះក្នុងបញ្ជីឥស្សរជនឆ្នើម ក្នុងចំណោមឥស្សរជន និងមន្ត្រីរដ្ឋាភិបាល ៣រូបផ្សេងទៀត ដែលត្រូវបាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ “ជាតូបការ” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥស្សរជនឆ្នើមទាំង ៣រូបនោះ មានដូចជា ឯកឧត្ដម ម៉េត មករា, លោកជំទាវ ជាម ច័ន្ទសុជាតា និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមទាំង ឧកញ៉ា ហេង បូរិន ដែលត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សព្វព្រះរាជហរទ័យ ប្រោសប្រទានគ្រឿងរាជ​ឥស្សរិយ​យស​ជាតូបការ ​ ។

គ្រឿងរាជឥស្សរិយយស ឬ​មេដាយ ជាតូបការ ត្រូវ​បាន​បង្កើត​ជា​ថ្មីឡើង​វិញ​ដោយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ វរ្ម័ន (​ព្រះ​បរម​រតន​កោដ្ឋ) តាម​ព្រះ​រាជ​ក្រឹត្យ ចុះ​​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​១៩៩៥​។ គ្រឿងរាជ​ឥស្សរិយ​យសជាតូបការ​​នេះ​​ស្ថិត​ក្នុង​ប្រភេទ​គ្រឿង​រាជ​ឥស្សរិយ​យស “មាតុប្រទេស​” ដែល​ជា​គ្រឿង​ឥស្សរិយ​យស​ថ្នាក់​ខ្ពស់​បំផុត​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា រជ្ជកាល​បច្ចុប្បន្ន​​។

គ្រឿងរាជ​ឥស្សរិយ​យស​ជាតូបការ ឬ​មេដាយ​ជាតូបការ សម្រាប់​បំពាក់​ជូន​វរ​ជន​ដែល​មាន​គុណូបការៈ​ដ៏​ឧត្ដុង្គ​ឧត្ដម ក្នុង​ការ​បម្រើ​មាតុ​ប្រទេស ដើម្បី​បុព្វ​ហេតុ​ឯករាជ្យ សាមគ្គី​ភាព ប្រជាធិបតេយ្យ និង​សន្តិភាព​ជាតិ តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ ក្រោយ​ពី​ការ​សម្រេច​របស់​គណៈ​រដ្ឋមន្ត្រី ហើយ​ត្រូវ​ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រិយ៍ ឬ​ដោយ​ព្រះ​រាជតំណាង​។

បច្ចុប្បន្ន​នេះ ​គ្រឿង​ឥស្សរិយ​យស​ថ្នាក់ ជាតូបការ​ ក៏​អាចត្រូវបាន​ផ្ដល់​ជូន​ឥស្សរជនឆ្នើម​ទាំងឡាយណា ដែល​មិនស្ថិតក្នុងក្របខ័ណ្ឌ​ការងារមន្ត្រី​រាជការ​បានផង​ដែរ​ ឱ្យតែឥស្សរជនទាំងនោះ ពួកគាត់មានស្នាដៃអភិវឌ្ឍជាតិ និងបានចូលរួមជាធនធានផ្ទាល់ខ្លួន ជួយសង្គមជាតិជាមួយរាជរដ្ឋាភិបាល៕