ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) នៅថ្ងៃសុក្រ ១៤ មករានេះ តំណាងដោយឧកញ៉ា វ៉ាន់ ឆារស៍ ជាអគ្គនាយករង បានចុះហត្ថលេខាលក់មូលបត្របំណុលតម្លៃ ១០លានដុល្លារអាមេរិកទៅឲ្យធនាគារពាណិជ្ជ អាល់ហ្វា ម.ក តំណាងដោយឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ ដើម្បីជួយគាំទ្រដល់គម្រោងសាងសង់អាកាសយាដ្ឋានអន្តរជាតិតេជោ តាខ្មៅ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីដើមខែធ្នូ ឆ្នាំ២០២១ បានប្រកាសដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាទាំងក្នុងនិងក្រៅប្រទេសជួយទិញមូលបត្របំណុល-Bond របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។ សម្តេច ហ៊ុន សែន បញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ។
បើតាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣០% ដែលប្រើទឹកប្រាក់សរុប ៣៩០លានដុល្លារ ខណៈដែលទឹកប្រាក់ដ៏ច្រើននេះ គឺមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC នោះទេ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានតម្លៃ១,៥ ពាន់លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដីចំនួន២៦០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន OCIC ៩០ ភាគរយ និងរាជរដ្ឋាភិបាលកម្ពុជា១០ ភាគរយ ហើយគម្រោងព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេ នឹងទី៩ នៅលើពិភពលោក ដោយនាំមុខដោយព្រលានយន្តហោះ ឈីកាហ្គោអូហារ និងអាកាសយានដ្ឋានអន្តរជាតិប៉េកាំងរបស់ប្រទេសចិន។ នៅពេលគម្រោងនេះបញ្ចប់ទៅ វានឹងអាចផ្ទុកយន្តហោះធុនធំបានគ្រប់ប្រភេទ អាចផ្ទុកអ្នកដំណើរបានរហូតដល់២៧ លាននាក់ នៅឆ្នាំ២០៣០ និងអ្នកដំណើរ៣០ លាននាក់នៅឆ្នាំ២០៥០ ស្របតាមផែនការមេ នៃការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕