អ្នកឧកញ៉ា គិត ម៉េង៖ ការវិនិយោគទាមទារឱ្យមានការអត់ធ្មត់ច្រើន វាដូចជាការដាំដើមឈើ ហើយត្រូវរង់ចាំផ្លែផ្ការបស់វា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា៖ «ការវិនិយោគ» ទាមទារឱ្យមានការអត់ធ្មត់បន្ថែមទៀតជាច្រើន វាដូចជាការដាំដើមឈើ ហើយត្រូវរង់ចាំផ្លែផ្ការបស់វា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា សម្រាប់អ្នកដែលមិនប្រញាប់ប្រញាល់ក្នុងការរកប្រាក់ចំណេញនោះ ការវិនិយោគលើអ្វីដែលអ្នកជឿជាក់ និងបានធ្វើការស្រាវជ្រាវហ្មត់ចត់ អាចជាជំហានបន្ទាប់ដ៏ល្អបំផុត ក្នុងការបង្កើតចំណូលអកម្ម។ បើតាមអ្នកឧកញ៉ា យើងគ្រប់គ្នាអាចទុកដោយឡែកប្រាក់ចំណូលប្រចាំឆ្នាំរបស់យើងចំនួនពី១០-១៥% ក្នុងការប្រើប្រាស់សម្រាប់គោលបំណងវិនិយោគទៅអនាគត។

អ្នកឧកញ៉ា គិត ម៉េង ថ្លែងបញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា យើងមិនមានរូបមន្តល្អឥតខ្ចោះនៅពីក្រោយការគ្រប់គ្រងហិរញ្ញវត្ថុនោះទេ។ របៀបដែលអ្នកសន្សំប្រាក់ ចំណាយប្រាក់ និងវិនិយោគទាំងអស់គឺអាស្រ័យលើអាទិភាព និងគោលដៅរបស់អ្នក ទាំងរយៈពេលខ្លី និងរយៈពេលវែង។ ជាការពិត វិធីសាស្ត្រលឿនបំផុតដើម្បីទទួលបានកាន់តែច្រើនគឺការវិនិយោគ ប៉ុន្តែត្រូវចងចាំថាការទទួលបានមកវិញពីការវិនិយោគកាន់តែច្រើន កម្រិតនៃហានិភ័យក៏កាន់តែខ្ពស់តាមនោះដែរ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ការចំណាយទាំងអស់មិនមែនសុទ្ធតែការខ្ជះខ្ជាយប្រាក់នោះទេ។ ពេលខ្លះ ការចំណាយមួយចំនួនបង្កើតនូវភាពសប្បាយក្នុងចិត្ត ដែលធ្វើឱ្យមានតុល្យភាពសុខភាពផ្លូវចិត្តរបស់អ្នក ហើយទាំងនេះអាចជួយឱ្យមានការលើកទឹកចិត្តខ្លួនឯងឱ្យខិតខំធ្វើការបន្តថែមទៀត។ លោកបន្ថែមទៀតថា វាសមហេតុផលណាស់ដែលអ្នកសមនឹងទទួលបានការចំណាយក្នុងការថែទាំខ្លួនឯងម្តងម្កាល។ តែយ៉ាងណា លោកបានលើកទឹកចិត្តឱ្យមាន “ការចំណាយត្រឹមត្រូវ” នោះគឺគិតមុនពេលការចំណាយធំណាមួយ ហើយសូមកុំចំណាយហួសកម្រិតលើសពីសមត្ថភាព។

អ្នកឧកញ៉ាបញ្ជាក់បន្ថែម៖ ប្រសិនបើគោលដៅរបស់អ្នកគឺដើម្បីសន្សំប្រាក់១០ម៉ឺនដុល្លារ ក្នុងរយៈពេល២០ឆ្នាំ អ្នកគ្រាន់តែត្រូវការសន្សំ ១៣.៧ដុល្លារជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។ ចំនួនតិចតួចជារៀងរាល់ថ្ងៃនឹងកើនឡើង ប៉ុន្តែ “ការសន្សំ” ត្រូវការការអត់ធ្មត់ ការខិតខំប្រឹងប្រែង និងស្ថិរភាពជាប់ជានិច្ច។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ២០%នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកគឺជាចំនួនសមស្របមួយដែលគួរតែបញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នក៕