ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែតម្លៃសាច់ជ្រូកលើទីផ្សារមិនស្ថិតស្ថេរ ការនាំចូលជ្រូកពីប្រទេសជិតខាងនិងចំណីមានតម្លៃខ្ពស់ព្រមជាមួយនឹងប្រភេទជ្រូកមួយចំនួនត្រូវការបច្ចេកទេសនិងជំនាញក្នុងការចិញ្ចឹម ដែលបានបង្ខំឲ្យកសិករដែលជាចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបោះបង់ការងារនេះចោល។ ដោយឡែក ការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មបានកើនឡើងដោយសារតែកសិដ្ឋានទាំងអស់នោះអាចផ្គត់ផ្គង់នូវតម្រូវការដែលមានក្នុងការចិញ្ចឹមជ្រូក។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នាពេលកន្លងមក បានស្នើឲ្យប្រជាជនខិតខំពង្រឹងការចិញ្ចឹមសត្វជ្រូកឡើងវិញ ដើម្បីកាត់បន្ថយការនាំចូល ខណៈបច្ចុប្បន្នជ្រូកកំពុងមានតម្រូវការច្រើន និងមានតម្លៃខ្ពស់។ ដូចនេះ វិស័យកសិកម្ម នៅតែត្រូវបានចាត់ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យតែមួយគត់ដែលមិនសូវរងផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ នាពេលកន្លមក។ ក៏ព្រោះតែថាជាដង្ហើមដ៏សំខាន់នៃសេដ្ឋកិច្ច អ្នកជំនាញនៅក្នុងវិស័យកម្មបានលើកឡើងថា កសិករគួរកែប្រែទម្លាប់ ដើម្បីដើរឲ្យទាន់ទីផ្សារ ឬអាចនិយាយបានថាទទួលបានផលចំេណញច្រើនពីមុខរបរកសិកម្ម។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលរកស៊ីជោគជ័យរាប់សិបឆ្នាំក្នុងវិស័យកម្ម បានលើកឡើងនូវជ្រុងមួយនៃគំនិតរបស់លោក ដែលបានអនុវត្តកន្លងមកលេីវិស័យកសិកម្ម កសិឧស្សាហកម្មដាំដុះនិងចិញ្ចឹមសត្វ ដើម្បីឲ្យប្រជាកសិករដែលនិយមចូលចិត្ត ប្រកបមុខរបររកស៊ីលេីវិស័យនេះដកបទពិសោធន៍។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា កសិករដែលជាអ្នកចិញ្ចឹមសត្វមួយចំនួនធំ បានផ្តោតអារម្មណ៍ទៅលើការចិញ្ចឹមសត្វ លក់សត្វយកផលចំណេញតែម្តង ចំណែករូបលោកវិញ គឺចិញ្ចឹមសត្វយកលាមកសត្វមកផលិតជាហ្គាស់ ដុតបញ្ចេញជាថាមពលអគ្គិសនីបំរេីសេចក្តីត្រូវការ ខណៈឯកាកសំណល់របស់វាយកមកផលិតជាជីធម្មជាតិ ដាក់ដំណាំបានជាច្រើនប្រភេទ ទេីបបានលក់ជ្រូកយកប្រាក់ជាក្រោយ។ លោកបានអះអាងថា ធ្វេីដូចនេះមិនមានផលប៉ះពាល់ដល់បរិស្ថាន ហើយចំណេញប្រាក់ថ្លៃទិញអគ្គិសនី និងថ្លៃទិញជីដាក់ដំណាំផងដែរ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ថ្លែងបញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា៖ ដោយសារតែបច្ចុប្បន្នជ្រូកដេកម៉ាស៊ីនត្រជាក់ ត្រូវការប្រេីប្រាស់ថាមពលអគ្គិសនី ជាមធ្យម ១,០០០,០០០គីឡូវ៉ាត់ម៉ោង ក្នុង១ខែតម្លៃទិញអគ្គិសនី ៧៣០រៀល តម្លៃដែលផលិតបានដោយខ្លួនឯងជាមធ្យមអស់តែ ១៨០រៀលទេមួយគីឡូវ៉ាត់ម៉ោង រីឯតម្លៃជីធម្មជាតិនៅលេីទីផ្សារជាមធ្យម ២៥០ដុល្លារមួយតោន តម្លៃចំណាយដែលខ្ញុំផលិតដោយខ្លួនឯងអស់តែ ២០ដុល្លារទេក្នុងមួយតោន។
ទន្ទឹមនឹងនោះ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមថា តម្លៃជីគីមីនៅពេលនេះឡេីងថ្លៃទ្វេដង គឺពី៤០០ដុល្លារ រហូតទៅដល់ ៨២០ដុល្លារក្នុងមួយតោនទៅហេីយ។

តាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្រជាជនកម្ពុជាបរិភោគសាច់ជាមធ្យម ១៧,៦ គីឡូក្រាម ម្នាក់ក្នុង ១ ឆ្នាំ ដែលរួមមានសាច់គោ ៥ គីឡូក្រាម សាច់ជ្រូក ៩,២៩ គីឡូក្រាម មាន់ទា ៣,៣ គីឡូក្រាម និងសាច់ផ្សេងទៀត ០,០១ គីឡូក្រាម។
យ៉ាងណា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ការវិនិយោគសាធារណៈ និងការវិនិយោគឯកជននៅលើវិស័យកសិកម្មបានមានការកើនឡើង ដោយសារមានការផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការអភិវឌ្ឍ និងការធ្វើពិពិធកម្មវិស័យកសិកម្ម។ ប្រទេសកម្ពុជាទទួលបានជោគជ័យតិចតួចក្នុងការកែច្នៃផលិផលកសិកម្ម ផលនេសាទ និងបសុសត្វ ទៅជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ដោយហេតុថាមានភាពខ្វះខាត និងភាពយឺតយ៉ាវក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបៗដូចជាប្រព័ន្ធធារាសាស្ត្រជាដើម។

ម្យ៉ាងវិញទៀត ការផ្ដល់កម្ចីទៅដល់វិស័យកសិកម្មមានការកើនឡើង ដោយសារកំណើនតម្រូវការនៃផលិតផលកសិកម្មនៅក្នុងអំឡុងពេលកូវីដ-១៩ ទោះបីជាមានការថយចុះនៃកំណើនឥណទានក្នុងស្រុកជារួមយ៉ាងណាក្ដី។ ក្នុងរយៈពេល ០៧ ខែដំបូងនៅឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសមកក្នុងវិស័យកសិកម្ម រួមទាំងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម មានចំនួន ១០០ លានដុល្លារ កើនពី ៣៤ លានដុល្លារ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩៕