សភាពាណិជ្ជកម្មកម្ពុជា ស្នើឲ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO ចូលរួមសហការ និងគាំទ្រកម្មវិធីនានាដែលសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតរៀបចំឡើង ដើម្បីជាប្រយោជន៍ដល់វិស័យឯកជនទាំងមូល និងជួយស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ។ នេះបើតាមជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកស្រី ម៉ារីសា ហារុតា ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា នៅថ្ងៃអង្គារ ទី ១៨ ខែមករាម្សិលមិញ។
ខណៈឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងវិនិយោគធំៗជាច្រើន ដែលក្នុងនោះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងតំបន់ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសដៃគូអាស៊ាន ថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក។
អ្នកឧកញ៉ាបានស្វាគមន៍កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជានិងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជានាពេលកន្លងមក និងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។ ក្នុងន័យនេះស្ថាប័នទាំងពីរអាចសហការគ្នាជាលក្ខណៈទ្វេភាគី និងកម្រិតតំបន់ផងដែរក្នុងក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននិងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។
លោកស្រី ម៉ារីសា ហារុតា ក៏បានស្វាគមន៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា។
លោកស្រីបានគូសបញ្ជាក់អំពីសកម្មភាព និងគម្រោងសំខាន់ៗដែលអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន កំពុងអនុវត្តនៅកម្ពុជា និងស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ បន្ថែមលើនេះលោកស្រីបានសង្កត់ធ្ងន់ថា ឆ្នាំ២០២២ គឺឆ្នាំដ៏ប្រសើរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន ដែលយើងគួររួមគ្នាបង្ហាញសក្តានុពលពិតរបស់កម្ពុជា ទៅកាន់ពិភពលោក។
សូមជម្រាបជូនថា នៅក្នុងជំនួបនេះដែរ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានឯកភាពគ្នាជាគោលការណ៍ ពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរបស់ស្ថាប័នទាំងពីរ និងអនុស្សរណៈយោគយល់រវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន៕