ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា របស់មេប៉ូលិសចំនួន ៣៦នាក់ ក្នុងជួរក្រសួងមហាផ្ទៃ តាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា។

ព្រះរាជក្រឹត្យបញ្ចប់ងារឧកញ៉ា លើមេប៉ូលិសចំនួន ៣៦នាក់ ធ្វើឡើងកាលពីថ្ងៃទី២៣ វិច្ឆិកា តែទើបត្រូវបានផ្សព្វផ្សាយ នៅដើមខែធ្នូកន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យនោះ មានមេប៉ូលិស ចាប់ពីថ្នាក់នាយឧត្ដមសេនីយ៍ ដល់ថ្នាក់អនុសេនីយ៍ឯក ត្រូវបានបញ្ចប់គោរមងារឧកញ៉ា។ មេប៉ូលិសទាំង ៣៦នាក់ ដែលត្រូវបានបញ្ចប់គោរមងារឧកញ៉ានេះ មានដូចជា អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការ ទទួលបន្ទុកទិសភូមិភាគ៤ និងភូមិភាគ៥ ប្រាសាទព្រះវិហារ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ជាដើម។
ការបញ្ចប់គោរមងារឧកញ៉ា ក្នុងជួរកងកម្លាំងប៉ូលិសនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដូចករណីបញ្ចប់ងារឧកញ៉ា នៅជួរកងកម្លាំងយោធាដែរ។



កាលពីខែកញ្ញា ប្រធានព្រឹទ្ធសភា ក្នុងនាមជាប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារឧកញ៉ា លើមេយោធា ចំនួន ៧៥នាក់៕