ក្រុមអ្នកវិនិយោគិនជប៉ុន ចាប់ដៃអ្នកឧកញ៉ា ម៉ុង ឬទ្ធី ត្រៀមបោះទុនសាងសង់​ភូមិឋាន​បែប​បុរាណជប៉ុននៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកវិនិយោគិនជនជាតិជប៉ុនចំនួន ៣រូប គ្រោងនឹងសហការជាមួយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ត្រៀមបោះទុនវិនិយោគសាងសង់​ភូមិឋាន​បែប​បុរាណ​​ និង​ភោជនីយដ្ឋាន​បុរាណ​ជប៉ុន ដេីម្បី​បង្ហាញ​ពីវប្បធម៌​​ ប្រពៃណីជប៉ុន នៅលើទឹកដីនៅកម្ពុជា។ នេះបើតាមការឲ្យដឹងលើទំព័រហ្វេសប៊ុកអ្នកឧកញ៉ា ម៉ុង ឫទ្ធី នៅថ្ងៃសៅរ៍ទី២២ ខែមករាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 9 people and people standing

អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធី គ្រុប បានបញ្ជាក់ថា ​អ្ន​កវិនិយោគមកពី​ប្រទេស​ជប៉ុន​ទាំងបីរូប​នោះរួមមាន លោក​ អ៊ីស៊ីកាវ៉ា មាសាហ្ស៊ីកូ ម្ចាស់​ក្រុមហ៊ុន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ និងជា​ម្ចាស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អំពី​អចលនទ្រព្យ​ លោកបានមក​រស់នៅប្រកប​អាជីវកម្ម​នៅកម្ពុជា​​ អស់រយៈពេល​​៨ឆ្នាំ​កន្លងទៅ លោក​ ឌុយ តាដាហ្ស៊ី ជាថៅកែ​ភោជនីយដ្ឋាន​ ហីបាឈិ​ នៅ​ភ្នំពេញ​ ដោយបានមក​រស់នៅ​​កកម្ពុជាអស់រយៈពេល ៨​ឆ្នាំ​ហើយ និងលោក​ អ៊ុយតា ថេរ៉ូហីកូ បានមក​រស់នៅ​​កម្ពុជា​​ជាង ១០ឆ្នាំ​ ខណៈលោកក៏ជា​ម្ចាស់​ក្រុមហ៊ុន​សំណង់​ និងជា​ម្ចាស់​ហាង​កាហ្វេ​ អឹអិដា​ រាជធានី​ភ្នំពេញ​។

អ្នកឧកញ៉ាបន្ថែមថា អ្នកវិនិយោគទាំងអស់សុទ្ធតែធ្លាប់បានចូលមកពិនិត្យ​សិក្សា​លេីទីតាំង​តំបន់​រមណីយដ្ឋាន​ អភិវឌ្ឍន៍​ កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ច្រើន​លេីក​រួចមកហេីយ​ ទេីបមាន​ចំណាប់​អារម្មណ៍​ចង់បោះទុន​វិនិយោគ​ សាងសង់​ភូមិឋាន​បែប​បូរាណ​ជប៉ុន​ដេីម្បី​បង្ហាញ​វប្បធម៌​ជប៉ុន​ និងមាន​ភោជនីយដ្ឋាន​បូរាណ​ជប៉ុន​ផងដែរ​ នៅលេីទឹកដី​​កម្ពុជា​យេីង​។

តែយ៉ាងណា តម្លៃគម្រោងអភិវឌ្ឍន៍និងពេលវេលាជាក់លាក់នៃការសាងសង់ភូមិឋាន​បែប​បុរាណ​​ និង​ភោជនីយដ្ឋាន​បុរាណ​ជប៉ុន នៅពេលនេះ លោកមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។ ខណៈអ្នកវិនិយោគិន និងក្រុមហ៊ុន ម៉ុងឬទ្ធី បានពិនិត្យ​មេីលទីតាំង​ជាក់ស្តែង​​ ដែលឈានទៅ​សិក្សា​គូប្លង់​លំអិត​រួចហេីយ​ដែរ។

May be an image of 8 people, people sitting, people standing and indoor

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅកម្ពុជាសរុបចំនួន ២១១ គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារអាមេរិក។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤៥ គម្រោងដែលមាន​ទុនវិនិយោគសរុបប្រមាណ ២,៨០០ លានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៦គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០ លានដុល្លារអាមេរិក។

ពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគជប៉ុនដាក់ទុននៅកម្ពុជា ត្រូវបានលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភ័ណ្ឌ ដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការចង្អុលបង្ហាញនៃ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។

សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ១ ៧០០ ​លាន​ដុល្លារ កើនឡើង ០,៤៩ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១ ៦៩២ ​លាន​ដុល្លារ​​។

​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម បានបង្ហាញថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ការនាំ​ចេញទៅ​ប្រទេស​ជប៉ុន​មាន​ទឹកប្រាក់​សរុប ១ ០៩៤ ​លាន​ដុល្លារ កើន ៣,៦១ ​ភាគរយ ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានទឹក​ប្រាក់​ជាង ៦០៧ ​លាន​ដុល្លារ ថយចុះ ៤,៦៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

បើតាម​ក្រសួងពាណិជ្ជកម្ម កម្ពុជា​មានបំណង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ជប៉ុន ដោយ​ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​ក្រុមការងារ​រួចហើយ ដើម្បី​សិក្សា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ជប៉ុន ខណៈដែល​បច្ចុប្បន្នកំពុង​ត្រៀម​អនុវត្ត​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន ​៣ រួមមាន កិច្ចព្រមព្រៀង RCEP,CCFTA ដែល​បាន​ចូល​ជា​ធរមាន​ហើយ និង CKFTA​ ដែល​ត្រៀម​ចូល​ធរមាន​ឆាប់ៗ​នេះ​៕