សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណ:សង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រមទាំងមន្ត្រីសង្ឃ ឧកញ៉ា ផន វណ្ណិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ប៉ូ គ្រី និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា ឧកញ៉ា សឿ សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ប៉ូ គ្រី និងមន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និមន្ត/ទស្សនារម្មណីយដ្ឋានបុរាណវិទ្យាភ្នំព្រះ ស្ថិតនៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ទី២២ ខែមករាម្សិលមិញ។
ភ្នំព្រះមានខ្យល់អាកាសបរិសុទ្ធគួរឱ្យចង់ទៅសម្រាកលំហែ ដោយមានដើមឈើ ធំៗម្លប់ត្រឈឹងត្រឈៃ ជាពិសេសអ្នកទេសចរទៅកម្សាន្តនៅទីនោះ តែងឃើញហ្វូងសត្វស្វាចុះទទួលស្វាគមន៍រង់ចាំបោះចំណីឱ្យវាស៊ី។
ក្រោយទស្សនាទិដ្ឋភាពទូទៅនៅខាងក្រៅភ្នំព្រះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត រួមនឹងគណៈប្រតិភូនិមន្តអញ្ជើញ គោរពថ្វាយបង្គំ នមស្សការព្រះពុទ្ធជាច្រើនអង្គស្ថិតក្នុងល្អាងភ្នំជ៏ជ្រៅលើភ្នំព្រះ ដោយបានចម្រើនសមាធិ ភាវនា ផ្សព្វផ្សាយមេត្តាធម៌ដល់សព្វសត្វក្នុងលោករស់នៅប្រកបដោយសន្តិភាពគ្រប់ៗគ្នា។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដីកាបញ្ជាក់ថា ព្រះអង្គពិតជារីករាយជ្រះថ្លានូវទិដ្ឋភាពប្រវត្តិសាស្រ្ត រួមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់រម្មណីយដ្ឋានបុរាណវិទ្យាភ្នំព្រះទាំងមូលតែម្តង។
ជាមួយគ្នានេះ ឧកញ៉ា ផន វណ្ណិត បានបង្ហាញនូវអារម្មណ៍ជ្រះថ្លាអនុមោទនា និងអបអរសាទរដែលមានវត្តមានសម្តេចព្រះពុទ្ធជ័យមុនី ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រមទាំងគណៈប្រតិភូនិមន្តមកកាន់ទីកន្លែងប្រវត្តិសាស្រ្តមួយនេះ ដើម្បីជារមណីយដ្ឋានមានអ្នកស្រុកគោរពបូជាជាភ្នំដែលមានបារមីពូកែស័ក្តសិទ្ធិ។
ដូនជីម្នាក់ដែលជាអ្នកថែរក្សា មើលការខុសត្រូវទីកន្លែងគោរពសក្ការៈភ្នំព្រះ ឈ្មោះលោកយាយ យឿន បានថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា ល្អាងភ្នំព្រះ មានប្រជាពលរដ្ឋភាគច្រើនមានជំនឿថា ភ្នំនេះមានបារមីពូកែស័ក្តិសិទ្ធិ ជាមួយនឹងរូងភ្នំជាច្រើនកន្លែង ហើយរូងនីមួយៗមានព្រះពុទ្ធរូបចាប់ពី ៣អង្គ ទៅ៥អង្គឯណោះ។ លោកយាយបន្តថា ភ្នំព្រះមានប្រជាពលរដ្ឋបានមកបន់ស្រន់សុំលាភសក្ការៈ ហើយបានដូចបំណង។
បើតាមលោកយាយ យឿន ភ្ញៀវទេសចរណ៍ និងមកកម្សាន្តទីកន្លែងបុរាណវិទ្យាភ្នំព្រះ មានជាហូរហែឥតដាច់ ជាពិេសសរៀងរាល់ថ្ងៃសៅរ៍ អាទិ្យ និងថ្ងៃបុណ្យមានមនុស្សមកច្រើន ស្ទើរតែកន្លែងចំណតរថយន្តគ្មានផង។
លោក ចាន់ រដ្ឋា ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ បានលើកឡើងថា ភ្នំព្រះបច្ចុប្បន្ននៅមិនទាន់បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិនៅឡើយទេ ។ បច្ចុប្បន្នភ្នំព្រះគឺជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអ្នកក្នុងស្រុក និងក្រៅស្រុក តែងតែទៅធ្វើបុណ្យមិនដែលខាន ដោយសារតែពួកគាត់មានជំនឿថា ភ្នំនេះមានបារមីពូកែស័ក្តិសិទ្ធិ៕