ម្ចាស់បុរី ពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ នៅព្រឹកថ្ងៃសុក្រ ទី២៨ មករានេះ បានបន្ដផ្តល់វិភាគទានជាទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីព្យាបាលនិងសង្គ្រោះជីវិតកុមារនៅកម្ពុជា។

ការបរិច្ចាគទឹកប្រាក់ចំនួន ២លានដុល្លារនៅពេលនេះរបស់អ្នកឧកញ៉ាគឺជាលើកទី៦ហើយ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះ កាលពីឆ្នាំ២០១៦ លោកបានបរិច្ចាគទឹកប្រាក់ ១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ បរិច្ចាគ ២លានដុល្លារអាមេរិក ហើយឆ្នាំ២០១៨ ២,១៦៨,៨៨៨ដុល្លារអាមេរិក ឆ្នាំ២០១៩ ២,១៨៨,៨៨៨ដុល្លារអាមេរិក ដោយឡែកសម្រាប់ឆ្នាំ២០២១កន្លងទៅ លោកបានបន្តឧបត្ថម្ភ ២លានដុល្លារអាមេរិក និងឆ្នាំ២០២២នេះ ចំនួន២លានដុល្លារអាមេរិកបន្ថែមទៀត។
ក្រៅពីនេះ កាលពីឆ្នាំ២០២០ អ្នកឧកញ៉ា ហុង ពីវ ក៏បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យកាល់ម៉ែត ៣លានដុល្លារអាមេរិក បន្តជួយឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ចំនួន ២លានដុល្លារអាមេរិក ចំនួន ៣លានដុល្លារអាមេរិកទិញវ៉ាក់សាំងបង្ការកូវីដ ជួយដល់គ្រោះទឹកជំនន់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជាមួយប្រមុខរាជរដ្ឋាភិបាល។

លើសពីនេះ លោកក៏បន្តជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជារៀងរាល់ឆ្នាំ ជួយប្រជាពលរដ្ឋក្រីក្រ ជួយសាងសង់អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន និងចែកអង្គរសែនក្រអូបដល់ប្រជាពលរដ្ឋ និងមានជួយកន្លែងផ្សេងៗទៀតជាច្រើន។
អ្នកឧកញ៉ា ហុង ពីវ ម្ចាស់ក្រុមហ៊ុន ពិភពថ្មី គ្រុប នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់លោកក្នុងបេសកកម្មជួយសង្គមជាតិ៕