ក្រោយក្រសួងអប់រំយុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងបាក់ឌុបក្តៅៗកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ ចំនួន ១៥០កន្លែងដល់សិស្សនិស្សិតក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ គិតចាប់ពីថ្ងៃទី២១ ខែមករានេះ មានសិស្សានុសិស្សប្រមាណជាង ២ពាន់នាក់បានដាក់ពាក្យស្នើសុំ «អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា»។


នៅថ្ងៃអាទិត្យ ទី៣០ ខែមករានេះ តាមរយៈទំព័រហ្វេសបុកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា មកដល់ម៉ោងនេះចំនួនអ្នកដាក់ពាក្យទាំងអនឡាញ ទាំងយកពាក្យមកដាក់ផ្ទាល់មានចំនួនប្រហែល ២០០០នាក់ហើយ មកដាក់ពាក្យស្នើសុំ «អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា»។

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានក្រើនរំលឹកផងដែរថា ក្រុមការងាររបស់លោកនៅតែបន្តទទួលពាក្យ រហូតដល់ ថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២២។ ចំណែកលទ្ធផលផ្លូវការនឹងប្រកាសនៅពេលបន្ទាប់។
បើតាមលោក ខុត សីហា ក្រុមការងារផ្នែកជ្រើសរើសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងថា៖ បច្ចុប្បន្ន ក្រុមការងា អាហារូបករណ៍ កំពុងតែមមាញឹករៀបចំស្រង់ឈ្មោះ ណាត់ជួបធ្វើតេស្ត សម្ភាសន៍ ជាបន្តបន្ទាប់ ប្រសិនបើឃើញថា ការដាក់ពាក្យរបស់ប្អូនៗ មានគ្រប់លក្ខខណ្ឌតម្រូវនៃការជ្រើសរើស។

សូមបញ្ជាក់ថា «អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា» ១០០% ចំនួន១៥០កន្លែងដល់និស្សិតក្រីក្រដែលមានបំណងចង់បន្តបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សាថ្មីនេះក៏មានផ្តល់នូវកន្លែងស្នាក់នៅ អង្ករ និងឱកាសការងារធ្វើពេលរៀនចប់ ឬរៀនបណ្តើរធ្វើការបណ្តើរ នៅក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា ផ្ទាល់តែម្តងផងដែរ។
សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់បាក់ឌុប ចង់ដាក់ពាក្យស្នើរសុំអាហារូបករណ៍នេះ សូមទំនាក់ទំនងតាមរយៈ តេឡេក្រាម៖ លោកគ្រូ លឹម វណ្ណៈ 0968874889 លោកគ្រូ សុក សារ៉ុន 085728710 និងលោក ខុត សីហា 070451400៕