នៅរាជធានីភ្នំពេញ កំពុងក្លាយទីតាំងវិនិយោគដ៏មានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍នានា ដែលធ្វើឱ្យតម្លៃដីក៏មាននិន្នាការវិជ្ជមាន។ កំណើនតម្លៃដីនៅទីក្រុងភ្នំពេញកើនឡើងខ្ពស់បែបនេះ ត្រូវបានសម្តេច ហ៊ុន សែន គូសបញ្ជាក់ថា មានគេបន្ទោសថា សម្តេចធ្វើឲ្យដីឡើងថ្លៃ។ សម្តេចលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឬស្សីកែវ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ទៅកាន់ទីក្រុងរណបជ្រោយចង្វា នាព្រឹកថ្ងៃចន្ទ ទី៣១ មករានេះ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា មកដល់ពេលនេះ ទីក្រុងភ្នំពេញ មានប្រជាពលរដ្ឋរស់នៅរហូតដល់ទៅជាង២ លាននាក់ ហើយបន្ថែមទៅដោយសំណង់រីកដុះដាលយ៉ាងខ្លាំងដែលទីក្រុងនេះ រីកទាំងទំហំផង ឬទាំងជម្រៅផង ដែលពីមុនមានទំហំជាង៣០០ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែមកដល់បច្ចុប្បន្ន គឺឡើងជាង៧០០ គីឡូម៉ែត្រការ៉េ ។
សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា តម្លៃដីនៅទីក្រុងភ្នំពេញកើនឡើងខ្ពស់មែនទែន ដែលធ្វើឲ្យគេបន្ទោសថា សម្ដេចធ្វើឲ្យដីឡើងថ្លៃ ហើយតំបន់ត្រើយម្ខាង កាលពីមុនដែលគេហៅថា តំបន់ដើមត្រែងយោលតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ គ្មានដើមត្រែងយោលទៀតទេ គឺមានសុទ្ធតែអគារ ដូច្នេះនេះបញ្ជាក់ពីការអភិវឌ្ឍ និងពីការរីកចម្រើនរបស់ប្រទេស។ ត្រង់ចំណុចនេះ សម្ដេចចេះតែឆ្ងល់ជាមួយអ្នករីះគន់ខ្លះ ដែលតែងតែលើកឡើងថា ធ្វើយូរទៅ ក្រទៅៗ។
នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ពេលកន្លងមកបានបង្ហាញតម្លៃដីធ្លីនៅក្នុងខណ្ឌមួយចំនួនដែលមានតម្លៃខ្ពស់ដូចជា ខណ្ឌ ៧ មករា ដោយសារតែជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពោលគឺអតិប្បរមាដល់ទៅ៩០០០ដុល្លារ/ម៉ែត្រការ៉េ។ សម្រាប់ព្រែកព្នៅ ទីតាំងដែលមានតម្លៃដីដាក់លក់ខ្ពស់ជាងគេ គឺនៅនៅតាមបណ្ដោយផ្លូវធំ ដែលមានតម្លៃចន្លោះពី ៣៦០ ទៅ ១៤០០ ដុល្លារ/ម៉ែត្រការ៉េ។ ដោយឡែក ដីនៅតាមផ្លូវតូចវិញ មានតម្លៃចន្លោះពី ៧០ ទៅ ២៣០ ដុល្លារ/ម៉ែត្រការ៉េ។
ជាមួយគ្នានេះ ខណ្ឌចំការមន ជាខណ្ឌដែលមួយដែលដីមានតម្លៃខ្ពស់ ពោលគឺចន្លោះពី ២៥០០ ទៅ ៨០០០ដុល្លារ/ម៉ែត្រការ៉េ ព្រោះជាទីតាំងកណ្ដាលក្រុង ហើយជាបណ្ដុំអគារពាណិជ្ជកម្ម និងលំនៅឋាននានា។
ទន្ទឹមនឹងនោះ ខណ្ឌកំបូលនេះ ក៏កំពុងមានកំណើនវិនិយោគលើលំនៅឋានតម្លៃសមរម្យខ្លាំង ព្រោះតម្លៃដីគឺនៅទាប ពោលគឺចន្លោះពី ៣៥០ ទៅ ២០០០ ដុល្លារ/ម៉ែត្រការ៉េ សម្រាប់ទីតាំងដីជាប់ផ្លូវធំ និងចន្លោះពី ១៥០ ទៅ ៥០០ដុល្លារ/ម៉ែត្រការ៉េ សម្រាប់ទីតាំងនៅផ្លូវតូច។ ចំណែកឯសង្កាត់បឹងស្នោ និងសង្កាត់ឱឡោក ជាទីតាំងដែលមានតម្លៃដីទាបជាងគេ ចន្លោះពី ៨០ ទៅ ១២០ ដុល្លារ/ម៉ែត្រការ៉េ សម្រាប់ទីតាំងជាប់ផ្លូវធំ និងចន្លោះពី ២០ ទៅ ៨០ ដុល្លារ សម្រាប់ទីតាំងនៅផ្លូវតូច។
ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ បានអះអាងថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាជាពិសេសអចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិសនឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនចំនួនប្រជាជនរស់នៅ និងសង្វាក់ផលិតកម្ម ពាណិជ្ជកម្មនៅតំបន់នោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ។
យ៉ាងណា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ា ផន វណ្ណិត បានថ្លែងថា៖ “មែនទែនទៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទិញដីទុកឱ្យបានយូរ កុំឱ្យឆាប់លក់វិញពេក តែពេលខ្លះរកចំណេញមិនចង់ទាន់ឃើញផងយើងលក់ចេញវិញបាត់។ សម្រាប់អ្នកទិញដីទុកកាន់តែយូរ ខ្ញុំជឿថា គាត់កាន់តែបានចំណេញច្រើន ប៉ុន្តែបើយើងខ្វះខាត ហើយយើងគិតថាលក់ទៅវាចំណេញលក់ទៅ”។
ឧកញ៉ា ផន វណ្ណិត បានពន្យល់យ៉ាងដូច្នេះថា៖ ការទិញដីជាយក្រុង ជាអាទិភាពសម្រាប់អ្នកមានជីវភាពមធ្យម យើងក្រឡែកមើលថយក្រោយបន្តិចនៅបួនប្រាំឆ្នាំមុនមនុស្សនៅក្រច្រើនណាស់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានយុវជនប្រមាណ ៤៥%នៅស្រុកខ្មែរយើងដែលពួកគាត់មានលុយហើយនឹកឃើញទិញដី មានលុយនឹកឃើញទៅបង្កើតអាជីវកម្ម ប៉ុន្តែ ៥៥%ទៀតពួកគាត់សម្រេចចិត្តនៅធ្វើការងារបានត្រឹមតែមួយរស់ៗ ដោយលើកហេតុផលថាការធ្វើការងារឲ្យគេមានចំណូលថេរ។
ជាមួយគ្នានេះ ឧកញ៉ា ឃាង ពុទ្ធី បានគូសបញ្ជាក់ថា យើងមិនត្រូវប្រើយុទ្ធសាស្រ្តរង់ចាំទឹកភ្លៀងនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺយើងត្រូវមើលទីតាំងណាដែលអភិវឌ្ឍន៍ពិតប្រាកដ ព្រោះប្រសិនបើយើងចូលចិត្តបង្កើតព័ត៌មានហើយឲ្យប្រជាជនផ្អើលទៅទិញដោយមិនមានការអភិវឌ្ឍន៍ពិតប្រាកដនិងច្បាស់លាស់ ចុងក្រោយប្រជាជនគឺកប់ទុនវិនិយោគ មិនតែប៉ុណ្ណោះវាក៏អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលផងដែរ។
លោកបន្ថែមថា ខ្ញុំចង់ឲ្យប្រជាជនមានចំណេះដឹងមូលដ្ឋានក្នុងការវិនិយោគអចលនទ្រព្យ វិភាគគិត ពិចារណាដោយខ្លួនឯង ជៀសជាងប្រាប់តគ្នាតំបន់នេះទំបន់នោះឲ្យគាត់ធ្វើការវិនិយោគ។
សូមបញ្ជាក់ថា ភ្នំពេញរាជធានីភ្នំពេញ និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោងពង្រីកទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏កំពុងតែដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ គិតត្រឹមឆ្នាំ ២០៣៥។
ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ។
យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត៕