អគារពាណិជ្ជកម្មខ្ពស់ៗកំពុងផ្លាស់ប្តូរមុខមាត់និងសម្រស់រាជធានីភ្នំពេញ ខណៈអាគារខ្ពស់ៗចាប់ពី ៤០ ជាន់ឡើងមានជាង ៤០ អគារនាពេលបច្ចុប្បន្ននេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ពីការប្រែប្រួលរីកចម្រើននៃរាជធានីភ្នំពេញ ដោយការលេចវត្តមានរូបរាងសំណង់អាគារខ្ពស់ៗកប់ពពករាប់ពាន់។
ក្រោយថ្ងៃ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា មានអគារដែលខ្ពស់ជាងគេត្រឹម ៧ជាន់ មានតែមួយប៉ុណ្ណោះ ហើយមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ៗប្រមាណ ១.៦០៣អាគារឯណោះ។ បច្ចុប្បន្ននេះ The Peak ជាអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅរាជធានីភ្នំពេញដែលមានកម្ពស់ ៥៥ ជាន់។ អគារពាណិជ្ជកម្ម ៣ ជាប់គ្នា មានទីតាំងទល់មុខមាត់ទន្លេ នៅក្បែរស្ពាននាគកោះពេជ្រ។
អគារពាណិជ្ជកម្មភ្លោះខ្ពស់ធំស្គឹមស្កៃនៅកណ្តាលរាជធានីភ្នំពេញ ក្នុងតំបន់ជាប់នឹងរដ្ឋសភា ក្រុមហ៊ុន ណាហ្គាវើល The Peak ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន អាជីវកម្មដែលមានឈ្មោះល្បីៗមកពីក្រៅប្រទេសជាច្រើនមកបោះទីតាំងជួល និងទិញនៅទីនោះ។ អគារភ្លោះខ្ពស់ The Peak ជាការវិនិយោគរាប់រយលានដុល្លារអាមេរិករបស់អ្នកជំនួញប្រាក់លានអ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge ដែលមានបុត្តសម្ពន្ធក្រុមហ៊ុនគ្រាក់ៗជាច្រើនក្នុងពហុវិស័យ។
The Peak បានបើកប្រតិបត្តិការអាជីវកម្មកាលពី ឆ្នាំ២០១៩ បន្ទាប់ពីបើកទ្វារភ្លាមទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន អាជីវកម្មដែលមានឈ្មោះល្បីៗមកពីក្រៅប្រទេសជាច្រើនរួមមាន៖ ប្រទេសសឹង្ហបុរី កូរ៉េ ចិន អាមេរិក ដែលក្រុមហ៊ុនទាំងអស់នោះកំពុងបម្រើសេវាកម្មយ៉ាងមមាញឹក ដូចជាសណ្ឋាគារ ខុនដូរ ការិយាល័យធ្វើការ សេវាកម្មសុខភាព មន្ទីរពេទ្យ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និង កាហ្វេល្បីៗ ក្លឹប ស្កាយបារ ។ល។
អគារភ្លោះ The Peak នេះ ជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Worldbridge Land របស់អ្នកឧកញ៉ា សៀ ឫទ្ធី និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមកពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Oxley Holdings ដោយបានបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក។
សូមជម្រាបថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃចន្ទ ទី៣១ ខែមករា ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានអាកាសឬស្សីកែវតភ្ជាប់ទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់អ្នកឧកញ៉ា ពុង ឃាវសែ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញអគារកម្ពស់ចាប់ពីកម្ពស់៥ ជាន់ទៅជាង៥០ជាន់ មានប្រមាណ ១៦០៣ អគារ។ ក្នុងនោះ ចាប់ពី៥ ជាន់ជាន់ឡើងទៅ៩ ជាន់ មានជាង ៩២៦ អគារ ពីជាន់១០ ទៅ១៩ ជាន់ មាន ៤៥២ អគារ ពី ២០ ជាន់ទៅ ២៩ ជាន់ មាន១២០ អគារ ពី៣០ ទៅ៣៩ ជាន់ មានចំនួន ៦៥ អគារ និងអគារខ្ពស់ចាប់ពី ៤០ ជាន់ឡើង មាន៤០ អគារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា លោកមានមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញ បើទោះបីលោកជាអ្នកដឹកនាំកសាងដោយផ្ទាល់ក្តី។ យ៉ាងណា សម្តេចថា រាជធានីភ្នំពេញ មានការអភិវឌ្ឍច្រើន ប៉ុន្តែបើគ្មានសន្តិភាពទេ ការអភិវឌ្ឍនេះមិនអាចគង់វង់នោះឡើយ៕