អ្នក​ឧកញ៉ា គួច ម៉េងលី​ បំផុស​​ឲ្យយុវជន​ស្វែង​រក​ឲ្យ​ឃើញ​ព្រលឹង​ដួងពេជ្រ​ក្នុង​ខ្លួន

ជុំវិញ​ឧកញ៉ា

ឆ្លើយតប​ប្រធានបទ​កម្មវិធីជំរុញលើកទឹកចិត្ត ខ្ញុំមិនដឹងត្រូវនិយាយលើកទឹកចិត្តពីអ្វីទៅមុន ដើម្បីឱ្យត្រូវនឹងប្រធានបទកម្មវិធីនេះទេ​។ ​សារ​​អ្នក​ឧកញ៉ា​គួច ម៉េង​លី ទាក់ទង​ប្រធានបទ​ជំរុញទឹកចិត្ត​ដល់​យុវជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើខ្ញុំគួរលើកទឹកចិត្តឱ្យយុវជនបន្តផឹកស្រាឬយ៉ាងណា? តែខ្ញុំយល់ឃើញថា ក្មេងៗឥឡូវពួកគេគួរគប្បីស្វែងរកឱ្យឃើញ​នូវព្រលឹងដួងពេជ្រក្នុងខ្លួនឱ្យជាក់ច្បាស់ ជាជាងធ្វើអ្វីៗដែលពុំមានប្រយោជន៍ទាល់តែសោះ ចំពោះអនាគតដ៏វែងឆ្ងាយរបស់ពួកគេ។ ពួកគេគប្បីចេះស្រមៃមើលទៅមុខ ថាតើគេចង់បានអ្វីសម្រាប់ជីវិត។

មាន​សញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ ជា​វេជ្ជបណ្ឌិត ជាសហគ្រិនមួយរូប ហើយ​បច្ចុប្បន្នត្រូវគេស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​វេជ្ជបណ្ឌិត​គួច ម៉េងលី ដែលទើបព្រះមហាក្សត្រ​ផ្តល់​គោរម្យងារ​តែងតាំង​ជា​អ្នក​ឧកញ៉ាបាន​បំផុស​​ឲ្យ​យុវជន​ត្រូវ​ចោទសួរខ្លួន​ឯងនូវសំណួរសាមញ្ញៗ ពញ្ញាក់អារម្មណ៍ ហើយ​ចាប់ផ្តើមគិត។

អ្នក​ឧកញ៉ា​បន្ត​ថា កូនខ្មែរយើងភាគច្រើន គឺគួរឱ្យអាណិតណាស់។ ពួកគេហាក់ពុំចេះស្រមៃ និងមិនដឹងថាត្រូវស្រមៃបែបណា។ ពេលខ្លះគេចេះតែដើរ មិនដឹងថាខ្លួនដើរទៅណា ហើយក៏ពុំមាននរណាមកខ្វល់ខ្វាយនឹងជួយតម្រង់ផ្លូវពួកគេឱ្យណាស់ណានោះដែរ។

អ្នកឧកញ៉ា​បាន​ថ្លែង​បន្ថែម​ថា ​មានពេលខ្លះខ្ញុំស្រណោះមែនទែន ពេលឃើញពួកគេវង្វេង ហាក់បីដូចមនុស្សរស់ក្នុងព្រៃជ្រៅ ដែលពុំធ្លាប់ចេញមកមើលពិភពខាងក្រៅ។ ពេលខ្លះពួកគេដូចកំពុងដើរៗ ក៏ស្រាប់តែវង្វេងក្នុងព្រៃ រហូតត្រូវសត្វសាហាវហែកស៊ីបាត់ខ្លួន។

អ្នក​ឧកញ៉ា​ក៏​ជំរុញ​ដល់​មហាជន សាច់ញាតិ ឪពុកម្តាយ​ផ្ទាល់ ក៏​ត្រូវ​​ចូលរួមគិត និងបំផុសផ្នត់គំនិតស្វែងរកព្រលឹងដួងពេជ្រនៅក្នុងខ្លួន ដល់បងប្អូនកូនក្មួយ ឱ្យពួកគេចេះសួរខ្លួនឯងបណ្តើរៗតាំងពីតូចឱ្យហើយ។

“ពេលត្រលប់ទៅដល់ផ្ទះ បើមានកូន សូមជួយសួរគាត់ «កូន! ធំឡើងកូនឯងចង់ធ្វើអ្វី? ចង់រៀនអ្វី? ចង់ក្លាយជាបែបណា?»។ ចូរកុំមើលស្រាលឥទ្ធិពលនៃក្តីស្រមៃនៅក្នុងខ្លួនឱ្យសោះ។ មិនតែប៉ុណ្ណោះ គឺត្រូវតែហ៊ានស្រមៃ និងធ្វើសកម្មភាពដើម្បីចាប់យកវាឱ្យបាន”។

អ្នក​ឧកញ៉ា​បាន​សង្កត់​យ៉ាង​ដូច្នេះ​ថា “យើងត្រូវចាប់វាឱ្យជាប់ ហើយបិទវាជាប់នឹងខ្លួនយើង ដូចយើងបិទឬចាក់សាក់ជាប់នឹងខ្លួនអ៊ីចឹងដែរ។ សំណួរយើង អាចធ្វើឱ្យក្មេងៗចាប់ផ្តើមគិត។ ស្រួលមិនស្រួល គេអាចនឹងចេះចង់ធ្វើអ្វីមួយចេញពីក្នុងខ្លួនតាំងពីតូចក្រូចឆ្មារក៏ថាបាន”៕