ឧកញ៉ា ជា តុងហ៊ួរ៖ សូមមើលគំនិត ៣ ចំណុចសំខាន់ៗមុនពេលសម្រេចចិត្តចេញរកស៊ី

ជុំវិញ​ឧកញ៉ា

ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ ជា Co-Founder & Chief Marketing Officer ក្រុមហ៊ុន Khmer Express Realty Co., Ltd បានលើកឡើងថា មនុស្សយើងគ្រប់គ្នាតែងតែប្រាថ្នារស់នៅក្នុងសេចក្តីសុខ ហើយនៅក្នុងនោះទ្រព្យសម្បត្តិគឺជាធាតុដ៏សំខាន់មួយដែលធ្វើឱ្យយើងមានសេចក្តីសុខសុភមង្គល។ លោកថា ដោយសារតែបែបនេះហើយ ទើបមនុស្សយើងរាល់ថ្ងៃខិតខំធ្វើការងាររៀងៗខ្លួនដើម្បីបានប្រាក់យកមកបំពេញសេចក្តីសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person, sitting and indoor

បើតាមឧកញ៉ា ជា តុងហ៊ួរ នៅក្នុងមធ្យោបាយរកប្រាក់ទាំងនោះ មានមនុស្សជាច្រើនបានសម្រេចរើសយកការធ្វើអាជីវកម្ម។ ហើយប្រសិនបើអ្នកចង់រើសយកផ្លូវមួយនេះសម្រាប់ជីវិតរបស់អ្នកដែរ សូមមើលគំនិត ៣ ចំណុចសំខាន់ៗមុនពេលសម្រេចចិត្តធ្វើអាជីវកម្មគឺទី១. ពេលដាច់យ៉ៃ គ្មាននរណាមើលអ្នកឃើញនោះទេ ទី២. នៅពេលអ្នកប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ មនុស្សខ្លះលួចសើចចំអកឱ្យអ្នក និងទី៣. នៅពេលអ្នកជោគជ័យ មនុស្សខ្លះស្អប់អ្នក ហើយមនុស្សខ្លះចង់ក្លាយជាមិត្តរបស់អ្នក

ឧកញ៉ាវ័យក្មេង និងជាម្ចាស់សៀវភៅ Mind map បានពន្យល់យ៉ាងដូច្នេះថា៖

១. ពេលដាច់យ៉ៃ គ្មាននរណាមើលអ្នកឃើញនោះទេ
ថ្ងៃដំបូងនៅពេលចាប់ផ្តើម គឺថ្ងៃដែលពិបាកបំផុត។ នៅក្នុងដៃ អ្នកមានលុយតិច ដើរបបួលអ្នកដទៃក៏គេមិនចូលរួម។ ភាពក្មេងខ្ចីខាងបទពិសោធក្នុងការរកស៊ីនឹងធ្វើឱ្យអ្នកងាយនឹងភ្លាំងភ្លាត់ជំពប់ជើងដួល ហើយនៅពេលពេលដែលអ្នកដួល គឺមានតែអ្នកចាំសើចច្រើនជាងអ្នកអាណិត និងអ្នកគាំទ្រ។ នៅពេលដែលអ្នកដាច់យ៉ៃ គ្មាននរណាមើលឃើញអ្នកទេ។ គេមិនដឹងថានៅទីណា គេមិនខ្វល់ថាអ្នកកំពុងធ្វើអ្វី ឬអ្នកចង់ទៅទីណាទេ។ គេព្យាយាមគេចពីអ្នក ដោយសារគេខ្លាចអ្នកខ្ចីលុយ ឬបបួលគេរកស៊ីដែលអាចនាំឱ្យគេធ្លាក់ជ្រោះតាមអ្នកដែរ។ ម៉្លោះហើយ ស្ថានភាពដាច់យ៉ៃគឺជាពេលវេលាដ៏លំបាកវេទនាបំផុតដែលអ្នកត្រូវតែត្រៀមខ្លួនហែលឆ្លងឱ្យផុត។ យ៉ាងណាមិញ សំដីលោក រ៉ូបឺត គីយ៉ូសាគី (Robert Kiyosaki) បានលើកឡើងថា “ការដាច់យ៉ៃ (broke) វាខុសពីភាពក្រីក្រ (poor)។ ការដាច់យ៉ៃ ជាស្ថានភាពខ្វះខាតលុយមួយរយៈពេលប៉ុននោះ តែភាពក្រីក្រវាអាចតោងជាប់យើងរហូតមួយជីវិត។” ដូច្នេះ ឱ្យតែយើងតស៊ូប្រឹងប្រែងបន្តដំណើរទៅមុខជាបន្តបន្ទាប់ នោះយើងនឹងអាចរលាស់ខ្លួនចេញផុតពីស្ថានភាពដាច់យ៉ៃជាមិនខាន។

May be an image of 1 person, book and indoor

២. នៅពេលអ្នកប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ មនុស្សខ្លះលួចសើចចំអកឱ្យអ្នក
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឱ្យតម្លៃ និងសរសើរចំពោះការខំប្រឹងប្រែងរបស់អ្នកនោះទេ។ អ្នកខ្លះ មាត់សរសើរអ្នក តែក្នុងចិត្តជ្រេញនឹងការខិតខំរបស់អ្នកទេតើ។ ដូច្នេះ ចូរប្រុងស្មារតីជាប់ជានិច្ច កុំធ្វេសប្រហែសលង់នឹងការសរសើររហូតមានមោទនភាពភ្លេចខ្លួន។ នៅពេលដែលអ្នកមោះមុតប្រឹងប្រែងធ្វើការងារញើសជោកខ្នង តែគ្មានពាក្យសរសើរមួយម៉ាត់ អ្នកអាចនឹងបាក់ទឹកចិត្ត ឬបន្ថយល្បឿនក្នុងដំណើរឆ្ពោះទៅរកគោល។ ប៉ុន្តែ ចូរកុំធ្វើយ៉ាងនេះឡើយ។ ចូរកុំចាញ់បោកស្ថានភាពបែបនេះ ពីព្រោះវាជារឿងធម្មតា ឬជាសច្ចភាពមួយដែលការខិតខំរបស់មនុស្សម្នាក់ វាត្រូវតែបង្កឱ្យមានការច្រណែនពីមនុស្សម្នាក់ទៀត។ អ្នកខ្លះមិនត្រឹមតែលួចចំអកឱ្យអ្នកទេ គេថែមទាំងលួចប៉ែងជើង ឬចាក់អ្នកមួយកាំបិតពីក្រោយខ្នងអ្នកទៀតផង។ ដូច្នេះ នៅក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតែនៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមានទាំងឡាយ ហើយពង្រឹងស្មារតីខិតខំបន្តកិច្ចការរបស់អ្នកជាទៀងទាត់បន្តទៅទៀត។ ពាក្យចាស់ពោលថា “ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ”។ បើអ្នករវល់តែយកដុំថ្មគប់ឆ្កែដែលតាមព្រូសអ្នក តើធ្វើម៉េចអ្នកនឹងអាចដើរដល់គោលដៅ?

៣. នៅពេលអ្នកជោគជ័យ មនុស្សខ្លះស្អប់អ្នក ហើយមនុស្សខ្លះចង់ក្លាយជាមិត្តរបស់អ្នក
បន្ទាប់ពីហែលឆ្លងភាពដាច់យ៉ៃយ៉ាងវេទនា និងបន្ទាប់ពីឈ្ងោកក្បាលធ្វើការទាំងយប់ទាំងថ្ងៃអស់រយៈពេលយ៉ាងយូរ ទីបំផុតលទ្ធភាពដុំកំភួនមួយក៏បានលេចឡើងចំពោះមុខអ្នក។ ជាថ្មីម្តងទៀត ចូរកុំមានមោទនភាពចំពោះខ្លួនឯង ពីព្រោះថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចិត្តត្រេកអរចំពោះជោគជ័យរបស់អ្នកនោះឡើយ។ ច្បាស់ណាស់ នៅពេលអ្នកជោគជ័យ អ្នកមានលុយ និងទ្រព្យសម្បត្តិ មនុស្សមួយចំនួននឹងរត់មកចងមិត្តជាមួយអ្នក ស្របពេលដែលអ្នកខ្លះនៅតែសំឡក់សម្លឹងមើលភាគជោគជ័យរបស់អ្នកក្នុងទស្សនៈជ្រក់ជ្រេញដដែល។ នៅដំណាក់កាលនេះ ទន្ទឹមនឹងអ្នកដកខ្លួននៅឱ្យឆ្ងាយពីខ្លាក្រពើ អ្នកក៏ត្រូវតែប្រយ័ត្នពស់វែកដែលនៅក្បែរខ្លួនផងដែរ។ ជាពិសេសមនុស្សដែលទុកអ្នកចោលពេលអ្នកពិបាក ហើយរត់មកនៅក្បែរអ្នកនៅពេលដែលអ្នកជោគជ័យ។ ចូរអ្នកចាំថា “ពស់វែក កាន់តែសកកាន់តែមានពឹសសាហាវ។ វាមិនមែនសកស្រកាដើម្បីក្លាយជាពស់ស្លូតបូតនោះទេ”។

ឧកញ៉ា ជា តុងហ៊ួរ បានបញ្ជាក់ថា ថ្វីបើយើងមិនអាចផ្លាស់ប្តូរអតីតកាល ប៉ុន្តែយើងអាចតម្រង់ទិសអនាគតឆ្ពោះទៅរកទីដៅដែលយើងចង់បាន៕