ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្តល់កិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានចិន Xinhua ព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិករដូវរងារប៉េកាំង ដែលក្រោមពាក្យស្លោកប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត» នេះបានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ព្រះអង្គសព្វព្រះរាជហឫទ័យតបតាមបង្គំថ្វាយយាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងារប៉េកាំងឆ្នាំ២០២២ នឹងជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូរវាងកម្ពុជា-ចិន។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលបន្តថា៖ “គ្មាអ្វីគួរឱ្យឆ្ងល់នោះទេថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២ នឹងផ្តល់ជូនអត្តពលិកនូវកន្លែងស្នាក់ ម្ហូបអាហារ ការថែទាំសុខភាព ការធ្វើចរាចរណ៍ ការកម្សាន្តកាយសម្បទា ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀតដែលមានគុណភាពខ្ពស់។ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ប្រជាជនចិននឹងធ្វើឱ្យដិតជាប់ក្នុងអារម្មណ៍របស់អ្នកចូលរួម”។ ព្រះអង្គជឿជាក់ថា ប្រជាជនចិនមានសមត្ថភាពក្នុងការបង្ហញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក។
ទន្ទឹមនឹងនេះ ព្រះអង្គក៏បានវាយតម្លៃខ្ពស់ចំពោះពាក្យស្លោកប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត»របស់កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិកប៉េកាំងឆ្នាំ២០២២។ ព្រះអង្គមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា នេះបានបង្ហាញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។
អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា ចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិកនៅទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ីកាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជានិងចិនបានក្លាយជាមិត្តចាស់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។ រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិនទទួលបានការអភិវឌ្ឍន៍រីកចម្រើន។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃជំងឺវីរុសកូវីដ១៩ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺវីរុស ចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិងផ្តល់ជូនជាសម្ភារប្រយុទ្ធប្រឆាំងជំងឺវីរុសមកកាន់កម្ពុជា ជាពិសេសនោះគឺវ៉ាក់សាំងកូវីដ។ នាពេលបច្ចុប្បន្ននេះ ជាង៩០%នៃវ៉ាក់សាំងកូវីដដែលកម្ពុជាទទួលបានគឺមកពីប្រទេសចិន នេះជាការបង្ហាញយ៉ាងជាក់ស្តែងអំពីសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែបន្តអភិវឌ្ឍរីកចម្រើន ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងជាបន្តបន្ទាប់។
ឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជានិងចិនបានចូលជាធរមាន ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការដឹកជញ្ជូន និងកសិកម្មជាដើម។
ព្រះករុណា ព្រះមហាក្សត្រកម្ពុជា មានការរំពឹងទុកថា តាមរយៈចំណងមិត្តភាពនៃប្រជាជនទាំងពីរប្រទេសដែលប្រៀបដូចបងប្អូន នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំ កម្ពុជានិងចិននឹងរួមចំណែកកាន់តែធំធេងសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
គួររម្លឹកថា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ម្សិលមិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចសព្វព្រះរាជហឫទ័យយាងព្រះរាជដំណើរតាមព្រះរាជទីនាំងយន្តហោះពិសេសទៅកាន់ រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីគង់ប្រថាប់បំពេញព្រះរាជកិច្ចជាប្រវត្តិសាស្រ្ត ក្នុងមហាព្រឹត្តិការណ៍បើកជាផ្លូវការកីឡាអូឡាំពិករដូវរងា ដែលសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាម្ចាស់ផ្ទះ៕