បើកទំព័រសករាជថ្មីឆ្នាំ២០២២នេះ គម្រោងអចលនទ្រព្យ បុរី លំនៅដ្ឋាន និងក្រុមហ៊ុន រោងចក្រសហគ្រាសទាំងក្នុងស្រុក និងបរទេសបានទៅចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនគម្រោងរួចមកហើយ។ អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បានបន្តបើកគម្រោងបុរី គម្រោងផ្ទះលំហែកាយ និងដីឡូតិ៍បណ្តើរៗហើយដែរ។
ចរន្តវិនិយោគលើវិស័យអចលនទ្រព្យបានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ទោះបីក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ ចំនួនអ្នកទិញអចលនទ្រព្យមានការថយចុះ តែតម្លៃអចលនទ្រព្យមិនមានការប្រែប្រួល គួរឲ្យកត់សម្គាល់នោះទេ។ នេះបើតាមអ្នកជំនាញ។
អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ បានអះអាងថា ឆ្នាំ២០២២នេះ ដីធ្លីនឹងចាប់ផ្តើមកំរើកឡើងវិញ តែយ៉ាងណាក៏ដោយ ពួកគេក៏បង្ហាញក្តីបារម្ភខ្ពស់ផងដែរ ប្រសិនបើស្ថានភាពនៃជំងឺកូវីដ-១៩ អាចនឹងមានការរីករាលដាលឡើងវិញពិតមែននោះ។
ឧកញ៉ា ផន វណ្ណិត ក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានមើលឃើញថា នៅឆ្នាំ២០២២នេះវិស័យដីធ្លីនៅកម្ពុជាចាប់ផ្តើមកំរើកឡើងវិញ ដោយសារស្ថានភាពជំងឺឆ្លងកូវីដ-១៩ មានការថមថយ ដូច្នេះវិស័យអចលនទ្រព្យចាប់ផ្តើមងើបឡើងវិញបណ្តើរៗហើយដែរ។ ចំណែក សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏ចាប់ផ្តើមមានចំណូលកើន នោះពួកគាត់នឹងចាប់ផ្តើមងែកមករកវិស័យដីធ្លី។
លោកថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំស្ទង់មើលឃើញថា យុវជនមួយចំនួនធំកំពុងចាប់អារម្មណ៍មកខាងវិស័យអចលនទ្រព្យ នេះសម្រាប់អ្នកមានចំណូល តែក៏មានប្រជាពលរដ្ឋមួយចំនួនទៀតពួកគាត់មិនទាន់ធូរស្បើយនៅឡើយដែរ”។ លោកបន្តថា ការអភិវឌ្ឍនៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការីកចម្រើនគ្រប់ទីកន្លែង ដូចជា៖ ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កោះកុង ដែលកំពុងអភិវឌ្ឍផ្នែកអេកូទេសចរណ៍ និងអភិវឌ្ឍលើវិស័យនានាកើនឡើងគួរឲ្យកត់សម្គាល់។
ទោះជាបែបនេះក្តី ឧកញ៉ា ផន វណ្ណិត បានគូសបញ្ជាក់ថា យើងក៏ត្រូវការពេលវេលាសមស្របដែរ ដោយសារកន្លងមកយើងបានជួបវិបត្តិកូវីដ-១៩ធ្ងន់ធ្ងររួចមកហើយ។ ទន្ទឹមនឹងនោះ លោកបង្ហាញសុទិដ្ឋិនិយមខ្លាំងថា៖ “វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ឆ្នាំ២០២៣ខាងមុខនឹងមានការអភិវឌ្ឍន៍ខ្លាំង”។
ជាមួយគ្នានេះដែរ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានយល់ឃើញថា ចាប់តាំងពីកម្ពុជាជួបវិបត្តិកូវីដ-១៩មក គឺប៉ះពាល់ដល់គ្រប់វិស័យ។ លោកលើកឡើងបែបនេះ ដោយយោងលើឆ្នាំ២០២២នេះ យើងទើបតែចាប់ផ្តើមនៅឆមាសទី១ ហើយក៏ជាត្រីមាសទី១។
លោកបន្ថែមថា យើងសង្កេតឃើញស្ថានភាពជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១កន្លងទៅ វាបានអូសបន្លាយដល់មកឥឡូវដើមឆ្នាំ២០២២នេះ ដូច្នេះ អ្វីដែលជាផលល្អបំផុត គឺការរីករាលដាលនៃជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាមិនមានការបិទខ្ទប់ ឬបំរាមគោចរណាមួយនោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-៩១ បានគ្រប់ទីកន្លែងរហូតដល់ដូសទី៤ ដែលធ្វើការឆ្លងមានការថយចុះយ៉ាងខ្លាំង។
ឧកញ៉ា សំ សុខនឿន ថ្លែងបញ្ជាក់ថា៖ “នៅក្នុងសម័យការកូវីដ-១៩ ឪកាសសម្រាប់អ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការទិញ គឺអាចទិញបានក្នុងតម្លៃមួយដែលអាចចរចរាបានច្រើន។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ ខ្ញុំជឿថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពនឹងនហើយអាចគ្រប់គ្រងបានថេរដូចនាពេលបច្ចុប្បន្ននេះ”។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានព្យាករថា វិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២២នេះតទៅ នឹងមានតម្លៃថ្លៃកើនឡើង ប៉ុន្តែប្រសិនបើជំងឺកូវីដ-១៩អាចវិលត្រឡប់មកវិញ អចលនទ្រព្យនឹងនៅតែទ្រឹងដដែល ព្រោះកូវីដបណ្តាឲ្យប៉ះពាល់ដំណើរការអាជីវកម្ម និងចំណូលធ្លាក់ចុះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំសមាជលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន(AVA) នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានព្យាករណ៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជានឹងមានកំណើនចន្លោះពី ៣០%ទៅ៤០%នៅដើមឆ្នាំ២០២២នេះ។
បើតាមលោក ច្រឹក សុខនីម វិស័យអចលនទ្រព្យនៅកម្ពុជានៅតែអាចផ្តល់អត្ថប្រយោជន៍ និងប្រាក់ចំណេញខ្ពស់នៅក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ។
គួររម្លឹកថា ធនាគារពិភពលោក បានព្យាករថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ នឹងអាចត្រលប់មកភាពវិជ្ជមានជាបន្តទៀត នៅក្នុងតួលេខ៤.៥% និងប្រមាណ៥.៥% នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ ចេញផ្សាយដោយធនាគារពិភពលោក កាលពីខែមករាកន្លងទៅនេះ។ ទោះយ៉ាងណាធនាគារពិភពលោក ក៏បានព្រមានពីហានិភ័យមួយកម្រិតទៀត ប្រសិនបើមានការរាតត្បាតខ្លាំងនៃវីរុសកូវីដ-១៩ អូមីក្រុង។
ការព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជា មាន ៤.៥% គឺប្រហាក់ប្រហែលនឹងការព្យាករណ៍របស់រដ្ឋាភិបាលកម្ពុជាដែរ។ រដ្ឋាភិបាលកម្ពុជា បានព្យាករពីកំណើនសេដ្ឋកិច្ចខ្មែរនៅឆ្នាំ២០២២នេះ ថានឹងមានកំណើន៤.៨%។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិការជាតិសម្រាប់ឆ្នាំ២០២២។
រដ្ឋាភិបាលកម្ពុជា បានសម្អាងទៅលើការបើកដំណើរប្រទេសជាប្រក្រតីឡើងវិញ រួមនឹងបង្អែកលើវិស័យសេដ្ឋកិច្ចមួយចំនួន ដូចជា វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងជាពិសេសវិស័យកសិកម្ម។ វិស័យកសិកម្ម ដែលរដ្ឋាភិបាលអះអាងថា មិនសូវទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ប៉ុន្មាននោះទេ។
នៅចំពោះមុខបញ្ហានេះ នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗ បានបញ្ជាឲ្យអាជ្ញាធរចាក់វ៉ាក់សាំងដូសជំរុញទី៣ដល់ប្រជាពលរដ្ឋដែលនៅសេសសល់ និងឈានដល់ដូសទី៤បន្ថែមទៀតសម្រាប់អ្នកទីក្រុងភ្នំពេញ ដើម្បីធ្វើយ៉ាងទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ អូមីក្រុង៕