ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនួញគ្រាក់ៗជើងចាស់ពីររូប បើកគម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបូកគោឆ្លងកាន់ចំការដូងប្រេងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
គិតចាប់ពីថ្ងៃប្រកាសជាសាធារណៈការអភិវឌ្ឍផ្លូវតភ្ជាប់ថ្មីសន្លាងមួយខ្សែរហូតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ អនុវត្តបាន៤៥ថ្ងៃ និងសម្រេចបាន៦,៥គ.មហើយ។ នេះបើតាមលោក ជា សុផារ៉ា នៅថ្ងៃអាទិត្យ ទី៦ កុម្ភៈ ឆ្នាំ២០២២។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយលោកបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។

លោកឧបនាយរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ “មុខព្រួញអ្នកឧកញ៉ា សុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ឧកញ៉ា ម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១គ.ម”។
លោក ជា សុផារ៉ា បានគូសបញ្ជាក់បន្ថែមថា នេះជាការសម្រួលដល់ការធើ្វដំណើរនិងការគាំទ្រដល់ការវិនិយោគ។ ឧទ្យានជាតិដ៏ពិសិដ្ឋនេះ រងការខូចខាតនិងខាតបង់ពេលវេលារាប់រយឆ្នាំដោយសារសង្គ្រាម។ បច្ចុប្បន្នយើងមានសន្តិភាពពេលផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

គួរជម្រាបជូនថា គម្រោងស្ថាបនាផ្លូវមួយខ្សែនេះ គឺអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច គ្រុប ជាអ្នកទទួលរាប់រងរាល់ការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប ទទួលខុសត្រូវឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។

តាមរយៈវីដេអូប្រមាណ ១នាទី នៅចំពោះមុខរដ្ឋមន្រ្តី ជា សុផារ៉ា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលដើរតួនាទីជាអ្នកសម្របសម្រួល អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានចាប់ដៃអ្នកឧកញ៉ា សុខ គង់ ធ្វើសច្ចាប្រណិធានទទួលយកមកអនុវត្តគម្រោងបើកផ្លូវថ្មីមួយខ្សែនេះ។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បញ្ជាក់បន្ថែមថា ការស្ថាបនាផ្លូវឆ្ពោះទៅកាន់ក្រុងបូកគោនេះ មួយផ្នែកធំត្រូវឆ្លងកាត់ចំការដូងប្រេងរបស់លោក ដូច្នេះត្រូវការឈួសឆាយ ហើយអ្នកឧកញ៉ា សុខ គង់ ជាអ្នកចេញថវិកា៕