អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា វិស័យសំណង់បានរួមចំណែកយ៉ាងធំធេងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ន។ ក្នុងនោះប្រជាពលរដ្ឋមានតម្រូវការលំនៅដ្ឋានប្រហែលជាង ២ម៉ឺន ទៅ ៣ម៉ឺនខ្នងផ្ទះឯណោះក្នុងមួយឆ្នាំៗ។
ធនាគារជាតិនៃកម្ពុជាអះអាងថា វិស័យសំណង់នៅកម្ពុជាមានកំណើន ១,៤ ភាគរយក្នុងឆ្នាំ២០២១ ហើយរំពឹងថានឹងបន្តកើនឡើងថានឹងមានកំណើន ៥ ភាគរយនៅឆ្នាំ២០២២ ដោយសាររំពឹងទុកនៃកំណើនរំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុក។
បើតាមអ្នកឧកញ៉ា វិស័យសំណង់ជាវិស័យដ៏សំខាន់ បន្ទាប់ពីវិស័យវាយនភណ្ឌមកគឺវិស័យសំណង់ ដោយបានឈរនៅចំណាត់ថ្នាក់លេខពីរ ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ។ ជាមួយគ្នានេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានចូលរួមចំណែកក្នុងស្តារ និងកសាងសេដ្ឋកិច្ចរបស់កម្ពុជាបានរីកចម្រើនលើវិស័យសំណង់ជាមួយរាជរដ្ឋាភិបាល។
អ្នកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លីហួរ គ្រុប ថ្លែងយ៉ាងដូច្នេះថា៖ «សមាគមរបស់យើងមានចក្ខុវិស័យវែងឆ្ងាយទៅថ្ងៃអនាគត ហើយអ្វីដែលជាកត្តាសំខាន់យើងសំឡឹងទៅលើតម្រូវការរបស់ប្រជាពលរដ្ឋថ្នាក់មធ្យម និងក្រោមមធ្យម ដូច្នេះការអភិវឌ្ឍន៍យើងមើលតម្រូវការទីផ្សារ»។ អ្នកឧកញ៉ាគូសបញ្ជាក់ថា៖ «ប្រជាពលរដ្ឋរបស់យើងក្នុងមួយឆ្នាំៗ ពីតម្រូវការប្រហែល ២.៥០០០ខ្នងទៅ ៣០.០០០ខ្នងផ្ទះក្នុងមួយឆ្នាំ ដូច្នេះសមាគមនឹងមានផែនការតាមឆ្នាំនីមួយៗ និងតាមអ្វីដែលជាតម្រូវការជាក់ស្តែង»។
ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ា លី ហួរ បានប្តេជ្ញាខំខិតអភិវឌ្ឍន៍វិស័យសំណង់ឲ្យកាន់ល្អជាងពេលបច្ចុប្បន្ននេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា «ទោះយ៉ាងណា វិស័យសំណង់ និងអចលនទ្រព្យអាចងើបឡើងវិញឆាប់រហ័ស ដោយសារការកើនមកវិញនៃការវិនិយោគនាពេលខាងមុខ។ វិស័យសំណង់នៅរំពឹងថាមានកំណើន ៥% ដោយសាររំពឹងទុកនៃកំណើនលំហូរទុនវិនិយោគបរទេស និងតម្រូវការក្នុងស្រុកដែលផ្តោតលើទីផ្សារអចលនទ្រព្យដែលមានតម្លៃសមរម្យ»។
ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤ ៣០៣ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៥,៣ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៣១,២១ ភាគរយ។
គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧ ៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦ ៦២៣ ៨៩១ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជា ៦៦,២ ពាន់លានដុល្លារ។ នេះបើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕