លោកជំទាវឧកញ៉ា នឹម វណ្ណៈ ថ្មីៗនេះ បានបង្ហើបពីរថយន្តក្នុងក្ដីស្រមៃចំនួន ២ប្រភេទ ដែលសុទ្ធសឹងជារថយន្តលំដាប់អភិជន និងស៊េរីចុងក្រោយ ឆ្នាំ២០២២។ នោះគឺ រថយន្ត Mercedes Maybach S Class ឆ្នាំ២០២២ និងរថយន្ត Lamborghini ឆ្នាំ២០២២។ កំពូលរថយន្តផលិតនៅទ្វីបអឺរ៉ុប ទាំង២ស៊េរីនេះ ភាគច្រើនគេតែងតែឃើញវត្តមានកំពូលថ្នាក់ដឹកនាំ ប្រធានាធិបតីលំដាប់ពិភពលោក និងអ្នកមានធនធាននិយមប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែក សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង គេនៅមិនទាន់ឃើញមានអ្នក កុម្ម៉ង់ទិញជិះនៅឡើយទេ។
លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ បានបង្ហោះសារមួយឃ្លា យ៉ាងដូច្នេះថា៖“តើគួរសំរេចចិត្តយ៉ាងណា ម្ខាងតាមបេះដូង ម្ខាងតាមខួរក្បាល ??? Mercedes Maybach S class 2022 VS lamborghini 2022 ” ។
ខាងក្រោមនេះ គឺជាតម្លៃ និងលក្ខណៈសម្បត្តិរបស់កំពូលរថយន្តស៊េរីឆ្នាំ ២០២២ ទាំង២ ស៊េរីនោះ ដែលក្រុមការងារ Oknha News ស្រាវជ្រាវ និងទើបទទួលបាន ពីបណ្ដាហាងលក់រថយន្តទំនើបនៅក្នុងរាជធានីភ្នំពេញ។
សម្រាប់រថយន្តប្រភេទ Mercedes-Maybach S-Class ២០២២ ផលិតចេញមក មាន ២ ម៉ូដែល គឺប្រភេទ
Mercedes-Maybach S580 4Matic និង Mercedes-Maybach S680 4Matic។ Mercedes-Maybach S580 4Matic ឆ្នាំ២០២២ តម្លៃលក់នៅបរទេស មានចាប់ពី ១៨៥ ០០០ ដុល្លារឡើងទៅ តែចំពោះតម្លៃក្នុងស្រុកខ្មែរវិញ អាចនឹងថ្លៃលើស ៥០ម៉ឺនដុល្លារ ក្រោយពេលគិតពន្ធនាំចូល។ ដោយឡែក សម្រាប់ម៉ូដែល Mercedes-Maybach S680 4Matic មានតម្លៃចាប់ពី ២១៥ ០០០ ដុល្លារឡើងទៅ ឯតម្លៃក្នុងទីផ្សារក្នុងស្រុកអាចថ្លៃដល់ជាង ៦០ម៉ឺនដុល្លារ។
S580 បំពាក់មកជាមួយម៉ាស៊ីន Twin-Turbocharged 4.0-Liter V-8 496-hp បន្ថែមជាមួយនិងប្រព័ន្ធ Hybrid 48 វ៉ុល ស្របពេល S680 បំពាក់ជាមួយម៉ាស៊ីន Twin-Turbocharged 6.0-Liter V-12 621-hp ហើយរថយន្តទំនើបទាំង ២ ម៉ូដែលគឺសុទ្ធតែដំណើរការដោយប្រព័ន្ធបើកបរគ្រប់កង់ All-Wheel Drive។
រថយន្តប្រភេទ S Class ទាំង ២ ម៉ូដែល មានការរចនាផ្នែកខាងក្នុងយ៉ាងប្រណីត ស្របពេលមានភាពទូលាយផ្ដល់ផាសុកភាពដល់អ្នកដំណើរ និងអ្នកបើកបរ ហើយកាន់តែអស្ចារ្យ គឺមានប្រព័ន្ធផ្ដល់ដំណឹងពេលមានការប៉ះទង្គិចផងដែរ។
ដោយឡែកសម្រាប់ការស៊ីសាំងលើការប្រើប្រាស់ គឺនៅមិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយ តែសម្រាប់ល្បឿននៃរថយន្តទាំងនេះ គឺអាចរត់ពី ០ ដល់ ៦០mph ក្នុងរយៈពេល ៤ វិនាទី និង ១០០mph ក្នុងរយៈពេល ១០,១ វិនាទី ខណៈល្បឿនលឿនបំផុតគឺ ១៣០mph ។
ចំពោះរថយន្តទំនើបស្ព័រម៉ាក Lamborghini Huracan ឆ្នាំ២០២២ ដែលស្ថិតក្នុងចំណោមរថយន្តក្នុងក្ដីស្រមៃ របស់លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ដែរនោះ ផលិតចេញមក មាន៤ ម៉ូដែល។ ដូចជា Lamborghini Huracan ម៉ូដែល Evo, Evo Spyder, Fluo Capsule និង STO ខណៈ Evo គឺជាម៉ូដពេញនិយមជាងគេ និងមានតម្លៃធូរថ្លៃជាង ៣ ប្រភេទផ្សេងទៀត។
ចំពោះតម្លៃរបស់រថយន្តដែលមានរូបតំណាងគោជល់ខាងលើ គឺប្រភេទ Evo មានតម្លៃចាប់ពី ២១៣ ១០៤ ដុល្លារ Evo Spyder មានតម្លៃចាប់ពី ២៣៣ ៩៦១ ខណៈ Fluo Capsule មានតម្លៃចាប់ពី ២៨៧ ៤៩៨ ដុល្លារ ស្របពេល STO មានតម្លៃចាប់ពី ៣៣១ ៥៣៣ ដុល្លារ។ ដោយឡែក សម្រាប់តម្លៃរថយន្ត Lamborghini Huracan ស៊េរីឆ្នាំ ២០២២ ពេលមកដល់កម្ពុជា តម្លៃអាចនឹងលោតដល់ ជាង ៧០ម៉ឺនដុល្លារ ។
រថយន្តទំនើបមួយនេះ មានបំពាក់ជាមួយម៉ាស៊ីន 5.2 Liter V-10 ដែលមានកម្លាំង 602សេះ ដំណើរការដោយប្រព័ន្ធកង់ក្រោយ និង 631សេះ សម្រាប់រថយន្តដំណើរការដោយកង់ទាំង ៤ និងប្រភេទ STO។ យោងទៅតាមការសាកល្បងបើកបរទៅលើប្រភេទរថយន្ត Evo ដំណើរការដោយកង់ទាំង ៤ វាអាចរត់ពី ០ ដល់ ៦០ mph ក្នុងរយៈពេល ២,៥ វិនាទី និងឡើងដល់ ១៣៥mph ក្នុងរយៈពេល ១០,៤ វិនាទី។
ក្រៅពីមានអាជីវកម្មមួយចំនួនក្នុងដៃ និងជាសហគ្រិនឆ្នើមមួយរូប ហើយលោកជំទាវ តែងអញ្ជើញទៅណាមកណា ដោយប្រើប្រាស់រថយន្តម៉ាក Rolls-Royce និងរថយន្តម៉ាក Mercedes G500 របស់ខ្លួន។ ដោយឡែក បើនិយាយពីការងារចុះជួយសង្គមវិញ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសប្បុរសជនចិត្តធម៌ដ៏សកម្ម ដែលតែងតែចេញមុខ ចូលរួមជាមួយរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គម និងប្រជាពលរដ្ឋខ្វះខាត កុមារកំព្រា ចាស់ជរា ទុរគត ជាញឹកញាប់មិនដែលខាន។
បន្ថែមពីនេះ លោកជំទាវ ក៏មានតួនាទីជាប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ទទួលបន្ទុកមើលថែ និងចិញ្ចឹមបីបាត់កុមារកំព្រា ទុរគត រាប់សិបនាក់ ដែលមានទីតាំងនៅខេត្តសៀមរាបផងដែរ៕