សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះ បានរៀបចំពិធីពិសាអាហារសាមគ្គី ក្រោមវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងមានការចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា អនុប្រធាន និងសមាជិក-សមាជិកា លេខាធិការដ្ឋាន នៃសមាគមមូលនិធិសម្ដេចតេជោ រួមជាមួយភ្ញៀវកត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀត ស្ថិតនៅសណ្ឋាគារភ្នំពេញ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងថា សមាគមមូលនិធិសម្តេចតេជោ បានយល់ច្បាស់ពីភាពចាំបាច់ នៃការលើកកម្ពស់ ការជំរុញ និងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសមាគមបានធ្វើសកម្មភាព និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករ ឬសហគ្រិនជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលនឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

បើតាមឧកញ៉ា តែ តាំងប៉ សមាគម គាំទ្រដល់សហគ្រាសធុនតូច ដើម្បីផ្ដល់ឱកាសឱ្យប្រជាជន ពិសេសយុវជនដែលជាកម្លាំងពលកម្មមានលទ្ធភាព ផលិតកម្ម សេវាកម្ម និងទទួលបានផលប្រយោជន៍ពីសហគ្រាសធុនតូច ប្រកបដោយសមធម៌។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ សម្ដេចក៏មានបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយសេចក្ដីសុខ និងរីកចម្រើន។

សម្ដេច ស ខេង បានបង្ហាញក្តីសង្ឃឹមថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងបន្ដបេសកកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយដល់ការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅប្រទេសកម្ពុជា ជាពិសេសជួយប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើកិច្ចការជាសហគ្រាសធុនតូច និងមធ្យមនេះ។

គួររំលឹកថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ តេ១៦៨ មហាវិថីព្រះនរោត្តម ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕








