តាមរយៈមុខជំនួញ និងកិច្ចការមនុស្សធម៌នៅកម្ពុជាច្រើនឆ្នាំមកនេះ ស្ទើរមួយជំហៀងប្រទេសបានស្គាល់លោកស្រី ទ្រី ដាណា ជានិច្ចកាលតែងតែបង្ហាញវត្តមានចូលរួមបរិច្ចាគធនធានជាច្រើនលានដុល្លារជូនដល់រាជរដ្ឋាភិបាល អង្គការ សមាគម និងជនទីទលក្រជាដើម។
លោកស្រីត្រូវបានចាត់ថា ជាសហគ្រិនស្រ្តីជោគជ័យក្នុងមុខជំនួញបង្កើតប្រាក់ចំណូលពាន់លានដុល្លារទៅលើអាជីវកម្មហាង ពេជ្រ និងផលិតផលគ្រឿងសម្អាង ព្រមទាំងផលិត សារាយសមុទ្រNNP ដែលមានអតិថិជនគាំទ្រល្បីឈ្មោះស្ទើរជិតមួយប្រទេសកម្ពុជា។
មុខជំនួញរីកចម្រើន កេរ្តិ៍ឈ្មោះល្បាញល្បីរបស់លោកស្រី ទ្រី ដាណា ក្នុងការឈរជើងប្រកួតប្រជែងនៅលើទីផ្សារច្រើនមកនេះ លោកស្រីក៏បានបង្ហាញនូវឧបសគ្គ តស៊ូខំប្រឹងប្រែង ឈោងចាប់ក្តីសុបិនស និងពុះពារសម្រេចគោលដៅ ក្នុងនាមជាសហគ្រិនស្រ្តី។
លោកស្រី ទ្រី ដាណា ថ្លែងយ៉ាងដូច្នេះថា៖ “ទម្រាំតែខ្ញុំលក់បានលុយក្នុងមួយថ្ងៃ ប៉ុណ្ណឹង ខ្ញុំប្រឹងណាស់ ខ្ញុំខំណាស់ណាស់ ខ្ញុំចំណាយលុយច្រើនណាស់ ខ្ញុំហត់ខ្លាំងណាស់ ទាំងឈឺទាំងជា មិនហ៊ានឈប់សម្រាក មិនហ៊ានបន្ធូរដៃម្តងណាឡើយ ទើបខ្ញុំបានសម្រេចគោលដៅ និងលែងមានពាក្យថា ជំពាក់គេ”។
លោកស្រីបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកស្រីនៅតែប្រឹងកាន់តែខ្លាំងជាងមុនទៅទៀត ដោយសារ ពាក្យថា ទំនួលខុសត្រូវ ភាពជាអ្នកដឹកនាំ ទើបធ្វើឲ្យតំណាងចែកចាយលក់ដាច់គ្រប់គ្នា ប៉ុន្តែទាល់តែអ្នកនោះប្រឹងដែរ បើអង្គុយចាំតែឲ្យគេមកទិញគឺមិនអាចលក់ដាច់នោះទេ។
លោកស្រីសង្កត់ធ្ងន់ថា៖ “ខ្ញុំឃើញច្រើនដែរ មួយរយៈនេះ មេក្រុមមួយចំនួនមិនជួយកូនចៅទេ គិតតែចង់ឲ្យគ្នាទិញអីវ៉ាន់ពីខ្លួនទាំងខ្លួនឯងមិនធ្វើអ្វីសោះ សុំឆ្លើយប្រាប់បន្តិចថា សូមអ្នក ទទួលយកការពិតផង គ្មានអ្នកណាជួយយើងបានក្រៅពីខ្លួនឯងនោះទេ បើអ្នកឈប់សម្រាកអ្នកនិងអត់លុយចូល ហើយកុំស្រែកណា ខ្ញុំមិនចូលចិត្តទេ ព្រោះខ្ញុំខំប្រឹងណាស់ បានខ្ញុំបានលុយ បើអ្នកចង់បានលុយអ្នកត្រូវហ៊ានលំបាក”។
ទន្ទឹមនឹងនោះ តាមរយៈទំព័រហ្វេសបុកនៅថ្ងៃអាទិត្យ ទី១៣ កុម្ភៈនេះ ដៃគូសហការដ៏ល្អរបស់លោកស្រី ទ្រី ដាណា ក៏បានចេញមកបញ្ជាក់ពីទំហំនៃការខិតខំប្រឹងប្រែងរបស់លោកស្រីដែលជាដៃគូរសហការមានកម្លាំងខ្លាំងដូចមនុស្សយន្ត។
លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយកក្រុមហ៊ុនមេធាវី HNS Law Group មានប្រសាសន៍ថា៖ “ដៃគូរសហការរបស់ខ្ញុំដល់ខ្លាំងម្នាក់ ទំរាំបានដូចសព្វថ្ងៃគាត់ខំប្រឹងណាស់ ធ្វើការជាមួយគាត់ទើបខ្ញុំដឹងថាគាត់ពិតជាខ្លាំងមែន។ ខ្ញុំតែងតែហៅគាត់ថា ជាមេដឹកនាំដែលមានកំលាំងដូចមនុស្សយន្ត គឺមិនដែលឃើញគាត់បង្ហាញពីភាពហត់នឿយរបស់គាត់ដល់ដៃគូរសហការនិងតំណាងចែកចាយម្តងណាឡើយ”។
លោកស្រី ទ្រី ដាណា បានផ្តល់ដំបូន្មានថា៖ “លើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ មានតែភាពស្មោះត្រង់និងទំនួលខុសត្រូវមួយគត់ដែលធ្វើអោយអ្នក ដើរទៅមុខទទួលបានភាពជោគជ័យរហូត។ ស្មោះត្រង់នឹងដៃគូសហការមិនគិតតែប្រយោជ៍ផ្ទាល់ខ្លួនខ្លាំងពេក ត្រូវគិតដល់ដៃគូសហការ ហើយកុំកេងចំណេញលើគេពេក នោះអ្នកនឹងទទួលបាននូវភាពរីកចំរើនរហូត។ មួយវិញទៀត រកសុីត្រូវចេញដើមខ្លះ ហ៊ានចំណាយខ្លះ ទើបទៅមុខលឿនបាន”៕