តបការអញ្ជើញរបស់លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា នៅថ្ងៃទី១៤ កុម្ភៈនេះ បានមកបង្រៀនមុខវិជ្ជានីតិវិធីគយ ក្នុងវិស័យដឹកជញ្ជូន ដល់និស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណៈការ។
វត្ដមានរបស់លោកឧកញ៉ានាគ្រានេះ គឺបង្រៀនឯកទេសគ្រប់គ្រងសេដ្ឋកិច្ច និងភស្ដុភារកម្ម ខណៈជំនាញនេះលោកមានបទពិសោធជាង២៥ឆ្នាំ ក្នុងវិស័យភស្ដុភារកម្ម និងដឹកជញ្ជូន។

ជាមួយគ្នានេះ លោក ហឿន សំនៀង ក៏បានលើកឡើងផងដែរថា វាជាកិត្តិយសផង និងជាភព្វសំណាងផង ដែលលោកឧកញ៉ា ស៊ិន ចន្ធី ស្មគ្រចិត្តចូលការមកបង្រៀននិស្សិតជំនាន់ទី១ ដែលកំពុងសិក្សាឆ្នាំទី២ ឆមាសទី១ លើមុខវិជ្ជានីតិវិធីគយក្នុងវិស័យដឹកជញ្ជូន នៅវិទ្យាស្ថានតេជោសែន សាធារណការ។
លោកថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ មិនមែននិយាយពីប្រាក់ តែនិយាយពីទឹកចិត្ត និងបេះដូងស្រឡាញ់ការបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ដែលវិទ្យាស្ថានតេជោសែន និងឧកញ៉ា មានចំពោះនិស្សិតយើង ទើបជំរុញទឹកចិត្ត របស់ឧកញ៉ាប្រធានសមាគម ដែលមានសមាជិកជាង ១៣០ក្រុមហ៊ុន បាននឹងកំពុងរកទទួលទានផ្នែកភស្តុភារកម្ម សម្រេចចិត្តចូលរួមជាមួយបេសកកម្មដ៏ល្អមួយនេះ។

លោកបន្តថា នេះបង្ហាញអំពីការយកចិត្ដទុកដាក់របស់ឧកញ៉ាផ្ទាល់ ក្នុងការចំណាយពេលដ៏មានតម្លៃ មកចែករំលែកចំណេះដឹង និងបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងវិស័យភស្ដុភារកម្ម និងដឹកជញ្ជូន។

លោកនាយកវិទ្យាស្ថានគូសបញ្ជាក់បន្ថែមថា ការចូលរួមនេះ ក៏បង្ហាញអំពីកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្ដុភារកម្មកម្ពុជាផងដែរ។

សូមជម្រាបថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្ដុភារកម្មកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្ដិការទៅវិញទៅមក លើក្របខណ្ឌអប់រំ កម្មវិធីបណ្ដុះបណ្ដាល និងការលើកកម្ពស់ការយល់ដឹង លើវិស័យភស្ដុភារកម្ម នៅកម្ពុជា៕