ក្រុមហ៊ុន ផារ័ត្នរតនៈ កាលពីថ្មីៗនេះ ទទួលបានសិទ្ធវិនិយោគក្នុងគម្រោងវារីវប្បកម្ម និងតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយកន្លែង លើផ្ទៃដីទំហំ ៧ហិចតា ស្ថិតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឧកញ៉ា ពាង ផារ័ត្ន អគ្គនាយកក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ អេនធើប្រាយ បានឱ្យដឹងថា គម្រោងវ៉ារីវប្បកម្មនេះ គ្រោងចំណាយថវិកាជាង ១លានដុល្លារអាមេរិក។
គម្រោងដ៏ធំនេះ ចែកចេញជា៤ ផ្នែក ដោយ ៣ ផ្នែកទាក់ទិននឹងការងារវារីវប្បកម្ម រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជំរុញការផលិតពូជត្រី ការបង្កើតទីតាំងចញ្ចឹមត្រីដែលមានស្ដង់ការ និងការសាងសង់មន្ទីរពិសោធន៍ អគាររដ្ឋបាល ក៏ដូចជារោងចក្រផលិតចំណីត្រី។
ដោយឡែក ផ្នែកទី៤ គឺដើម្បីជំរុញវិស័យទេសចរណ៍ ដោយនឹងសាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសួនផ្កាត្រូពិចបែបប្លែកថ្មីក្នុងតំបន់។
ឧកញ៉ា ពាង ផារ័ត្ន បានរំពឹងទុកថា ការអភិវឌ្ឍនៃទំនប់ចកបឹងធំនេះ នឹងអាចផ្តល់ការលើកកម្ពស់សក្តានុពលូសេដ្ឋកិច្ចក្នុងស្រុកព្រៃឈរ ក៏ដូចជាខេត្តកំពង់ចាម។
ម្យ៉ាងទៀត និងជួយរួមចំណែកជាមួយគម្រោង របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៤ កម្ពុជានឹងអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤០,០០០តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាន នៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ដល់ប្រជាកសិករ ក្នុងសហគមន៍ដោយផ្លាស់ ប្តូរពីការនេសាទខុសច្បាប់នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់សម្រេចបានក្នុងតម្លៃទីផ្សារ។