សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គ្រោងទិញដីសាងសង់អាគារផ្ទាល់ខ្លួនមួយក្នុងតម្លៃប្រមាណជាង ២លានដុល្លារអាមេរិក នៅពេលឆាប់ៗខាងមុខនេះ។ ថ្លែងក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាគមមូលនិធិសម្ដេចតេជោ កាលពីពេលថ្មីកន្លងទៅ ឧញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ បានលើកឡើងថា សមាគមកំពុងស្វែងរកមូនិធិទិញដីតម្លៃជាង ២លានដុល្លារសាងសង់អគារស្នាក់ការផ្ទាល់ខ្លួនរបស់សមាគម ដើម្បីជំរុញការការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាឱ្យមានការរីកចំរើន។
តម្លៃប្រមាណជាង ២លានដុល្លារអាមេរិកនេះ គឺសម្រាប់ថ្លៃគ្រោងទិញដីប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលតម្លៃសាងសង់អាគារនោះឡើយ។ ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា អាគារដែលគ្រោងសាងសង់នេះមាន កំពស់ ១២ជាន់ តម្លៃជាង ៣លាន ៥សែនដុល្លារអាមេរិក។

សូមជម្រាបជូនថា សមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កន្លែងទៅ ក្នុងការរួមចំណែកជួយស្ដារសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញ។
បើតាមឧកញ៉ា តែ តាំងប៉ បេសកកម្មរបស់សមាគម គឺដើម្បីលើកកម្ពស់ការជំរុញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយធ្វើសកម្មភាពគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការការពារភាពត្រឹមត្រូវតាមច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសធុមតូច និងមធ្យមនៅកម្ពុជា៕