បន្ទាប់ពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញគម្រោងបើកផ្សារទំនើបកសិផលកសិកម្មទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ព្រមទាំងជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ ពេលសម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ធ្វើឲ្យមហាជនគាំទ្រ គំនិតអាជីវកម្មទៅលើ ឧកញ៉ាវ័យក្មេងរូបនេះជាខ្លាំង។ បន្ថែមលើនេះលោកឧកញ៉ា បានឲ្យដឹងថា លោកកំពុងតែសម្រុកធ្វើរោងចក្រផលិតជីធម្មជាតិ១កន្លែងទៀត ដើម្បីសម្រួលដល់កសិករខ្មែរ លើការដាំដុះ កុំឲ្យពលរដ្ឋពិបាកទិញជី ពីក្រៅប្រទេស។
រោងចក្រផលិតជីធម្មជាតិខាងលើសម្រេចធ្វើបានប្រហែល៩៥%ហើយ អាចនឹងដំណើរការក្នុងពេលឆាប់ៗនេះ។ រោងចក្រនេះមានទីតាំង លើគម្រោងអភិវឌ្ឍន៍ធំមួយ លើទឹកដីខេត្តបន្ទាយមានជ័យ ដោយកម្លាំងនៃការផលិតក្នុងឆ្នាំផលិតបានប្រហែល៣០០០ តោន ទៅ ៣៦០០តោន។
ជាមួយនឹងផែនការនេះ លោកឧកញ៉ា បានថ្លែងអំណរគុណដល់ក្រសួង កសិកម្មជាខ្លាំង លើការជ្រោមជ្រែងក៏ដូចជាកិច្ចការផ្សេងទៀត ។ លោកថា ក្រុមការងារបានប្រើពេលសិក្សាប្រហែល១ឆ្នាំ ជាមួយក្រសួងកសិកម្មទម្រាំសម្រេចបានលទ្ធផលនេះ។
សកម្មភាពអាជីវកម្មនេះត្រូវបានមហាជនជាច្រើនកោតសរសើរ ហើយបានគាំទ្រយ៉ាងពេញទំហឹង ព្រោះជាការគិតគូរដល់ សុខទុក្ខដល់កសិករខ្មែរធំមួយក្នុងការស្វែងរកទីផ្សារ កសិផលរបស់ពួកគាត់។
សម្រាប់ការលក់ជីធម្មជាតិជូនប្រជាពលរដ្ឋវិញ លោកឧកញ៉ា បានប្រាប់ថា លក់ក្នុងតម្លៃធូថ្លៃបំផុត ហើយកសិករមិនចាំបាច់ប្រើប្រាក់មកទិញឡើយ គឺចាំដោះដូរ ជាមួយបន្លែផ្លែឈើដែលពួកគាត់ដាំនោះ ដោយក្រុមហ៊ុននឹងចុះទៅទិញដល់ចម្ការ ដើម្បីមកលក់នៅតាមផ្សារ ជាង២៥០ សាខា ដែលគ្រោងដំណើរការនោះ៕