តើលោក ទ្រី ភាព ទទួលបានគោរមងារជា “ឧកញ៉ា” នៅឆ្នាំណា?

ជុំវិញ​ឧកញ៉ា

ជឿថាមានប្រិយមិត្តជាច្រើនបានស្គាល់អ្នកឧកញ៉ា ទ្រី ភាព រួមទាំងអាជីវកម្មគ្រាក់ៗរបស់លោកដែលកំពុងដំណើរនៅកម្ពុជាក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម បដិសណ្ឋារកិច្ច និងប្រេងឥន្ទនៈជាដើម។ តែជំនួញដែលមានភាពល្បីល្បាញជាងគេនោះ គឺការនាំចេញឈើទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ទ្រី ភាព ត្រូវ​បានព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​​កម្ពុជា ទ្រង់​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» តាមរយៈអនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ជាមួយនឹងភរិយារបស់លោក គឺឧកញ៉ា គៀង ស្រីនាង  ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួម​ទាំង​ក្រុមហ៊ុន​ច្រើន​ទៀត។

ការ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ផ្តល់​គោរមងារ​ដល់​ឧកញ៉ា ទ្រី ភាព និង​ភរិយា ឧកញ៉ា គៀង ស្រីនាង ជា «អ្នក​ឧកញ៉ា» គឺ​តាម​សេចក្តី​ទូល​ថ្វាយ​របស់​នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។

លោក ទ្រី ភាព ទទួលបានងារ «ឧកញ៉ា» កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០០៤ របស់ប្រមុខ​រដ្ឋ​ស្ដីទី សម្តេចធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​។

កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១កន្លងទៅ អ្នកឧកញ៉ា ទ្រី ភាព ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។ តែយ៉ាងណា លោកបានអះអាងថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនបានធ្វើឱ្យប៉ះពាល់ដល់ការជំនួញរបស់ខ្លួននោះឡើយ ហើយក្រុមហ៊ុនទាំង៩របស់លោកនៅតែដំណើរការជាប្រក្រតី ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ក្តី។

អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងទៀតថា ជំនាន់អាមេរិកទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋកម្ពុជា លោកនៅតែអាចរស់បាន ដូច្នេះគ្មានហេតុផលណានាំឱ្យលោកបារម្ភ ឬភ័យខ្លាចជាមួយការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ។ លើសពីនេះលោកបានចាត់ទុកការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិក គឺធ្វើឡើងតាមរបាយការណ៍របស់ខ្មែរដែលមាននិន្នការប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយអាមេរិក មិនបានសិក្សាអ្វីទាំងអស់ ពាក់ព័ន្ធការរកស៊ីក្រុមហ៊ុនរបស់លោក។

ជាការកត់សម្គាល់ តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក្រុមហ៊ុនទាំង៩នេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ៕