វិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ វិស័យកសិកម្ម ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យអាទិភាពដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥ម៉ឺនតោន និងក្រុមហ៊ុន ៥២ដទៃទៀតបាននាំចេញ ត្រឹមតែ ១៦ម៉ឺនតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម។
សារព័ត៌មានឧកញ៉ាញូស៍ នៅថ្ងែនេះសូមណែនាំលោកអ្នកមកស្គាល់ក្រុមហ៊ុនចំនួន ៥ ដែលកំពុងប្រតិបត្តិការនាំចេញទៅក្រៅប្រទេសយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈកសិកម្មបានចូលរួមចំណែកប្រមាណ ២២% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជា ហើយមនុស្សចំនួនប្រហែល ៣ លាននាក់ធ្វើការក្នុងវិស័យនេះ។
១-ក្រុមហ៊ុន បៃតង របស់ឧកញ៉ា ភួ ពុយ
ក្រុមហ៊ុនបៃតង ដែលមានរោងចក្រខ្នាតធំ ទំនើប និងមានសមត្ថភាពផលិតបានច្រើនជាងគេ ស្ថិតក្នុងខេត្តបាត់ដំបង ដោយចាប់ផ្តើមផលិត កែច្នៃ និងនាំចេញអង្ករផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១០ មកទល់បច្ចុប្បន្ន។ បច្ចុប្បន្នក្រុមហ៊ុន បៃតង ដឹកនាំដោយឧកញ៉ា ភួ វាសនា នាយកប្រតិបត្តិ និងអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
២-ក្រុមហ៊ុន CITY RICE
ក្រុមហ៊ុន City Rice Import-Export គឺជាក្រុមហ៊ុនផលិតអង្ករធំជាងគេមួយនៅខេត្តបាត់ដំបង ដោយដឹកនាំផ្ទាល់ដោយ ឡាយ អានឌី ជាប្រធានក្រុមហ៊ុន City Rice Group និងជានាយកប្រតិបត្តិ។
៣-ក្រុមហ៊ុន AMRU RICE (Cambodia)
Amru Rice ជារោងម៉ាស៊ីនកិនស្រូវ ឈានមុខគេមួយក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ ដែលឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករសំខាន់ៗក្នុងចង្វាក់ផ្គត់ផ្គង់ស្បៀងពិភពលោក។ Amru Rice បង្កើតឡើងដោយឧកញ៉ា សុង សារ៉ន និងនិងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បច្ចុប្បន្នក្រុមហ៊ុននេះដឹកនាំដោយលោកស្រី អ្នកស្រី ឃី មុនី អគ្គនាយិការ។
៤-ក្រុមហ៊ុន KHMER FOODS
KHMER FOODS មានរោងម៉ាស៊ីនកិនស្រូវ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយឧកញ៉ា គឹម សាវុធ ជាអគ្គនាយក ហើយជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាក្នុងការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។
៥ ក្រុមហ៊ុន Mekong Oryza Trading
ក្រុមហ៊ុន Mekong Oryza Trading គឺជារោងម៉ាស៊ីនកិនស្រូវមួយដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនបរទេសមកពីទីក្រុងហុងកុង និងអាហ្វ្រិក ដើម្បីពង្រីកការនាំចេញអង្ករពីកម្ពុជាទៅចិន អឺរ៉ុប និងអាហ្វ្រិកខាងត្បូងដែលទីផ្សារថ្មីរបស់កម្ពុជា។ ក្រុមហ៊ុននេះដឹកនាំដោយឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។
សប្តាហ៍ក្រោយសារព័ត៌មានឧកញ៉ាញូស៍ នឹងផ្សាយជូនប្រិយមិត្តឲ្យស្គាល់រោងម៉ាស៊ីនកិនស្រូវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដែលមានភាពល្បីល្បាញខាងនាំអង្ករចេញទៅទីផ្សារអន្តរជាតិបន្តទៀត៕
សូមចុចអានអត្ថបទទាក់ទង៖