មហាសេដ្ឋីដើមកំណើតចិនឆ្នើមមួយរូបកំពុងក្តោបក្តាប់មុខជំនួញខ្ទង់លានដុល្លារក្នុងដៃនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមអ្នកវិនិយោគិនជនជាតិចិន ជាង ១០ឆ្នាំមកនេះបានមកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ច និងពង្រឹងមុខមាត់លើឆាកអន្តរជាតិ។ អាគារពាណិជ្ជកម្មខ្ពស់ៗកប់ពពក ក្រុមហ៊ុន រោងចក្រ សហគ្រាស ក៏បានដើរតួផ្តល់ឪកាសការងាររាប់ម៉ឺនកន្លែងមកឲ្យប្រជាពលរដ្ឋកម្ពុជា បើទោះជំនាញ និងមុខដំណែងមួយចំនួនត្រូវបានជនជាតិចិនធ្វើជាថៅកែក៏ដោយចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារួម ដង្ហើមសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមួយចំណែកត្រូវបានគាំទ្រដោយក្រុមអ្នកវិនិយោគ និងក្រុមហ៊ុនចិន ខណៈទំហំពាណិជ្ជកម្មទ្វភាគីរវាងកម្ពុជា-ចិនកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺប្រមាណជាង ១០,៩៨០លានដុល្លារ ត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១នេះកន្លងទៅ។ នេះជាចំនួនតួលេខឈាងមុខគេក្នុងចំណោមបណ្តាប្រទេសដែលកម្ពុជាមានទំហំពាណិជ្ជកម្មជាមួយ។

លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏បានចូលជាធរមានរួចមកហើយដែរ នៅខែមករា ឆ្នាំ២០២២នេះ ដែលរំពឹងថានឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀត។

សកម្មភាពវិនិយោគរបស់ក្រុមវិនិយោគិន និងក្រុមហ៊ុនចិននៅកម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងលើកសម្រស់មុខមាត់រាជធានីភ្នំពេញ រួមទាំងបណ្តាខេត្តមួយចំនួនជា ខេត្តព្រះសីហនុ សៀមរាប កោះកុងជាដើម។ ក្នុងនោះ វិនិយោគិន ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនក៏ត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា អ្នកឧកញ៉ា ជាច្រើននាក់រួចមកហើយ បន្ទាប់ពីពួកគេបានវិភាគទានធនធានគិតជាទឹកប្រាក់លើស ៥០ម៉ឺនដុល្លារចូលរួមជួយសង្គមជាតិ។

ថ្ងៃនេះសារព័ត៌មានឧកញ៉ាញូស៍ សូមបើកកកាយបង្ហាញឲ្យស្គាល់អ្នកជំនួញជនជាតិចិនដ៏ឆ្នើមមួយរូប ដែលបាននឹងកំពុងចាក់បង្ហៀរទុនវិនិយោគនៅកម្ពុជា និងទទួលគោរមងារ “អ្នកឧកញ៉ា” ផងដែរ៖

ម្ចាស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប

ទើប​តែ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ក្រុមហ៊ុននេះបានរីកចម្រើននឹងក្លាយជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន នឹងមជ្ឈមណ្ឌលកម្សាន្ត។

តាមរយៈក្រុមហ៊ុន ព្រីនស៍ គ្រុបនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានក្លាយជាពលរដ្ឋខ្មែរ ដើមកំណើតចិន នៅពេលដែលបានមករស់នៅក្នុងប្រទេសក្នុងឆ្នាំ ២០១០ ហើយពេលនោះលោកបានជួបជាមួយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។ លោកជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Holding Group ជាមួយនឹងបុត្តសម្ព័ន្ធរាប់សិបក្រុមហ៊ុន កំពុងឈានមុខគេនៅកម្ពុជា ដែលប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិវិនិយោគនាពេលអនាគត ព្រមទាំងប្តេជ្ញាអនុវត្តអាជីវកម្មប្រកបដោយចីរភាព។

លោក ចេន ហ្ស៊ី បានចាប់អារម្មណ៍ទៅលើការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។