កូនប្រុសបង្កើតអ្នកឧកញ៉ា ឡាវ ឃីន ឧត្តមសេនីយ៍យោធា ឡាវ វ៉ាន់ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
ឧត្តមសេនីយ៍យោធា ឡាវ វ៉ាន់ ត្រូវជាកូនប្រុសបង្កើតប្រពន្ធមុនរបស់អ្នកឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា មុនពេលលោកបានក្លាយជាស្វាមីអ្នកឧកញ៉ា ជឹង សុភាព កូនស្រីបង្កើតរបស់ឧកញ៉ា ជឹង សុភាព ហៅ «យាយភូ» ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ ហើយក៏ជាអគ្គនាយិកាក្រុមហ៊ុនផលិត មីជាតិ។

លោក ឡាវ វ៉ាន់ ក៏ធ្លាប់បានទទួលការតែងតាំងងារជាឧកញ៉ា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០០៦ផងដែរ។ ប៉ុន្តែឧកញ៉ា ឡាវ វ៉ាន់ ក៏ត្រូវបានបញ្ចប់គោរមងារជាឧកញ៉ាវិញ ដោយរក្សាទុកក្របខណ្ឌជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ (ឋានន្តរសក្តិឧត្តមសេនីយ៍ទោ) ដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
ការបញ្ចប់គោរមងារជាឧកញ៉ារបស់កូនប្រុសអ្នកឧកញ៉ា ឡាវ ឃីន បានធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៩ បានបញ្ជាឱ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធណាដែលមានងារជា «ឧកញ៉ា» ត្រូវធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវជ្រើសយកងារជា «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធដែលខ្លួនកំពុងបំពេញការងារតទៅទៀត។

មុនទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ន ឧត្តមសេនីយ៍យោធា ឡាវ វ៉ាន់ មានមុខតំណែងក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ គឺជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងពលតូចលេខ៧០៕
