លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ជ្រះថ្លាចូលបច្ច័យ ២០លានរៀល កសាងស្ពានឆ្លងស្ទឹងសែនមួយកន្លែង

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី១៩ ខែកុម្ភៈនេះ លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ព្រមទាំងក្រុមគ្រួសារទាំងអស់ មានសទ្ធាជ្រះថ្លា បានចូលរួមបច្ច័យកសាងស្ពានបេតុងឆ្លងស្ទឹងសែនមួយកន្លែង ចំនួន សរុប ២០លានរៀល ជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសេចក្ដីជ្រះថ្លា និងសប្បាយរីករាយ លោកជំទាវ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះសប្បាយចិត្តណាស់ បានភ្ជាប់និស្ស័យបុណ្យក្នុងការសាងសង់ស្ពានបេតុងឆ្លងស្ទឹងសែន ១កន្លែង ប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ ភ្ជាប់និស្ស័យកសាងស្ពាននេះជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងនោះបច្ច័យកូនស្រី នឹម វណ្ណៈ ១០ លានរៀល ,ខ្លួនខ្ញុំ ១០លានរៀលផងដែរ”។

ស្ពានដែល លោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ រួមទាំងក្រុមគ្រួសារ ជ្រះថ្លាចូលរួមបច្ច័យកសាងនេះ មានឈ្មោះថា “ស្ពានសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សំពៅត្រៃលោក ត្រៃលក្ខណ៍”។ ស្ពានឆ្លងស្ទឹងសែននេះ មានប្រវែង ១៨០ម៉ែត្រ  ស្ថិតនៅគីឡូម៉ែត្រទី១៥៤ ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

គួរបញ្ជាក់ថា ក្រុមគ្រួសារលោកជំទាវ ហ៊ុន ស៊ីណាត ជានិច្ចជាកាលតែងតែជ្រះថ្លា និងចូលរួមយ៉ាងសកម្មក្នុងការជួយលើកស្ទួយកសាងវិស័យពុទ្ធសាសនា ក្នុងនាមជាពុទ្ធសាសនិកនៅកម្ពុជា។ លោកជំទាវ និងស្វាមី ព្រមទាំងកូនៗផ្ទាល់ តែងតែចូលរួម និងដឹកនាំសប្បុរសជននានា ចូលរួមកសាង និងទំនុកបម្រុងដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព ជនពិកា និងចាស់ជរា គ្មានទីពឹងជាដើម។

ទន្ទឹមគ្នានោះ កូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសប្បុរសជនចិត្តធម៌ដ៏សកម្ម ដែលតែងតែចេញមុខ ចូលរួមជាមួយរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គម ជាញឹកញាប់មិនដែលខាន។ សព្វថ្ងៃ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏មានតួនាទីជាប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ទទួលបន្ទុកមើលថែ និងចិញ្ចឹមបីបាត់កុមារកំព្រា ទុរគត រាប់សិបនាក់ ដែលមានទីតាំងនៅខេត្តសៀមរាបផងដែរ៕