ជាសៀវភៅសរសេរធម្មតាប៉ុន្តែនៅលើក្របសៀវភៅ បានសរសេរបង្ហាញពីគោលដៅរបស់មនុស្សម្នាក់ៗដែលចង់បាននាថ្ងៃអនាគត ថាតើចង់ធ្វើអ្វី? អ្នកជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូបង្វឹក?ឬ គណនេយ្យករ ជាដើម រួមនឹងពាក្យដាស់តឿនមួយចំនួន ដល់មនុស្សទូទៅ សុទ្ធតែត្រូវបានបោះពុម្ពលើក្រប សៀវភៅចំនួន១ម៉ឺនក្បាល របស់ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា សម្រាប់ចែកជូនដល់សិស្សតាមនៅសាលាក្រីក្រ តាមទីជនបទនាក្នុងប្រទេសកម្ពុជា។

យុទ្ធនាការចែកសៀវភៅសរសេរ១ម៉ឺនក្បាលរបស់លោកឧកញ៉ាបណ្ឌិត ដែលមានប្រវត្តិជាអ្នករតម៉ូតូឌុបនេះ បានធ្វើឡើយចំនួន២សាលាមកហើយក្នុងខេត្តស្វាយរៀង ដោយបានចែកអស់ជាង៤ពាន់មកហើយ។
ការចែកលើកទី១ បានធ្វើនៅសាលា អនុវិទ្យាល័យ ច្រេស ខេត្ត ស្វាយរៀង ស្ថិតភូមិ ត្រពាំងដៀលើ ឃុំ ច្រេស ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ។
ការចែកលើទី២បានធ្វើថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ នៅឯសាលាបឋមសិក្សាពោធិរស់ ស្ថិតក្នុងភូមិ ពោធិតារស់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

ឧកញ៉ាបណ្ឌិត ភិរម្យ បានលើកឡើងថា យុទ្ធនាការចែកសៀវភៅដល់សិស្សានុសិស្សនេះ គឺធ្វើឡើង ក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការសម្រួលដល់ការសិក្សារបស់សិស្សតាមជនបទដែលកំពុងខ្វះខាត។ ការចែកជូននេះ មិនមានតែសៀវភៅទេ គឺមានប៊ិច ព្រមទាំងថវិកា មួយចំនួនដល់លោកគ្រូ អ្នកគ្រូផងដែរ ក្នុងនោះក៏មានការសំណូមពររបស់សាលាដែលខ្វះខាត ហើយក្រុមការងារលោកឧកញ៉ា បានទទួលសំណើទាំងនោះទៅសិក្សាថា តើគួរសម្រេចជួយដោយវិធីណា ហើយសំណើមួយណា អាទិភាព។ ទន្ទឹមគ្នានោះដែរ សិស្សានុសិស្សទាំងអស់ដែលបានមកទទួលសៀវភៅប៊ិចទាំងនោះ ពួកគេបានស្ដាប់ការផ្ដល់ដំបូន្មានល្អៗ ពីលោកឧកញ៉ាបណ្ឌិត ជាច្រើនថែមទៀតផង។

ការចែកលើកទី៣ លោកឧកញ៉ា បានប្រាប់ថា គ្រោងទៅចែកនៅសាលាដាច់ស្រយាលមួយក្នុងខេត្ត កំពង់ឆ្នាំង នាពេលឆាប់នេះបន្តទៀត។
បន្ទាប់ពីធ្វើយុទ្ធនាការចែកសៀវភៅ១ម៉ឺនក្បាលនេះភ្លាម លោកឧកញ៉ា បានឲ្យដឹងថា មានការគាំទ្រច្រើនពីមហាជន ជាមួយគ្នានោះផងដែរក៏មានសាលាជាច្រើនបានទាក់ទងមកឲ្យលោកឧកញ៉ា នាំសៀវភៅទាំងនោះ ទៅចែកជូនសិស្សានុសិស្សពួកគាត់ជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែលោកឧកញ៉ា មានការមមាញឹកខ្លាំង ជំហានដំបូងសម្រេចជ្រើសរើស សាលាដែលមានភាពលំបាកខ្លាំងប៉ុណ្ណោះ។

ជាមួយនឹងកិច្ចការជួយដល់សង្គមពិសេសលើវិស័យអប់រំនេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការចែកសៀវភៅលោកឧកញ៉ាបណ្ឌិត មានផែនការធ្វើបណ្ណាល័យចល័តបន្ថែមទៀត ហើយបណ្ណាល័យនោះ នឹងធ្វើដំណើរដឹកសៀវភៅជាច្រើនពាន់ក្បាល ចែកជូនសិស្សានុសិស្សក៏ដូចជាប្រជាជន បានអានទៅ តាមទីដាច់ស្រយាល ។ អ្វីដែលជាការលើកទឹកចិត្តដល់អ្នកអានសៀវភៅ លោក ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នឹងរៀបចំជាប្រាក់លើកទឹកចិត្ត អានសៀវភៅចប់ត្រឡប់ទៅផ្ទះវិញថែមទៀត មានន័យថា អានសៀវភៅបានលុយ បានទាំងចំណេះ។

ក្នុងថ្ងៃដដែលនេះដែរបន្ទាប់ពីចែកសៀវភៅប៊ិចនៅសាលាខាងលើ លោកឧកញ៉ា និងក្រមការងារក៏បាននាំឲ្យនៅកង់១គ្រឿងដែលជាអំណោយរបស់ លោក បណ្ឌិត ឡាយ គឺមឆេន ព្រមទាំងថវិកាមួយចំនួនពីសប្បុរសជនផ្សេងទៀតដែលរួមដំណើរជាមួយ ទៅចែកជូនដល់ក្មេងប្រុសម្នាក់កំព្រាឪពុក ម្ដាយទៅធ្វើការសំណង់ មានជីវភាពខ្វះខាតខ្លាំង នៅស្រុក ជីភូ ដើម្បីសម្រួលដល់ការសិក្សាបានមួយចំណែកផងដែរ៕
























