រមណីយដ្ឋាន រាជិនីលង្វែក គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងលំហែបែបធម្មជាតិដែលកំពុងត្រូវបានសាងសង់អស់រយៈពេលជិត២ឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណ២៥០ហិកតានៅមិនឆ្ងាយពីរមណីយដ្ឋានភ្នំឧដុង្គ។ ថ្វីដ្បិតតែការដ្ឋានសាងសង់រមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ធំនៅពុំទាន់បានបញ្ចប់ ប៉ុន្តែម្ចាស់គម្រោង រាជិនីលង្វែកបានបង្ហាញពីការខិតខំប្រឹងប្រែងតស៊ូរបស់ខ្លួន បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ក៏ដោយ។

អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងជាម្ចាស់នៃគម្រោងរាជិនីលង្វែក ជំទាវឧកញ៉ា សៀង ចាន់ហេង បានថ្លែងថា៖ ទំរាំបានសមិទ្ធផលប៉ុណ្ណេះ នាងខ្ញុំជាអ្នកបង្កើតឡើងនិងនៅជាមួយគ្រប់ពេលវេលា គឺតស៊ូគ្រប់បែបយ៉ាងតាំងពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ មកដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺរយ:ពេលជិត ២ឆ្នាំក្នុងរដូវមេរោគកូរូណាកូវីដ-១៩រាតត្បាត មហារមណីយដ្ឋាន រាជិនីលង្វែកកសាងបានប៉ុណ្ណឹង។
ជាមួយគ្នានេះ ជំទាវឧកញ៉ាក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅទស្សនាកំសាន្តដោយសេរី និងមិនមានការបង់ប្រាក់ឡើយ ខណៈដែលរាជិនីលង្វែកកំពុងទទួលភ្ញៀវទេសចរបណ្ដើរ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្ដាហ៍។

សូមជម្រាបថា រមណីយដ្ឋានរាជិនីលង្វែក គឺជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ដែលស្ថិតនៅលើផ្ទៃដីប្រមាណ២៥០ហិកតា ដែលធ្វើឡើងដោយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់ជំទាវឧកញ៉ា សៀង ចាន់ហេង។ តំបន់ទេសចរណ៍មួយនេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល៕







