អ្នកឧកញ៉ា គិត ម៉េង៖ អូនសម្លាញ់គឺជាវីរនារីរបស់បង ជាបេះដូងរបស់បង ហើយក៏ជាទេពធីតាមួយអង្គសម្រាប់មនុស្សជាច្រើន

ជុំវិញ​ឧកញ៉ា

ជឿថា គ្នាយើងទាំងអស់គ្នាពិតជាបានស្គាល់ អ្នក​ឧកញ៉ា គិត ម៉េង ជាកំពូលមហាសេដ្ឋីនៅស្រុកខ្មែរព្រមទាំងមានចិត្តសប្បុរស ដែលកន្លងមកតែងតែចូលរួមបរិច្ចាគនូវធនធានថវិកាផ្ទាល់ខ្លួនជាច្រើនពាន់លានដុល្លារ សម្រាប់កិច្ចការងារសង្គម។ ហើយលោកក៏ត្រូវបានមហាជនស្គាល់ផងដែរ នូវចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយនឹងឧត្តមភរិយាគឺលោកជំទាវ ម៉ៅ ចំណាន អតីតពិធីការិនី និងតារាសម្តែងដ៏ម្នាក់ល្បីម្នាក់។ នៅថ្ងៃចន្ទទី២១ ខែកុម្ភៈនេះ ជាថ្ងៃដែលអ្នកឧកញ៉ា គិត ម៉េង រីករាយខួបកំណើតរបស់ឧត្តមភរិយា លោកជំទាវ ម៉ៅ ចំណាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតក្នុងថ្ងៃនេះដ៏ឧដ្តុងឧត្តមនៃថ្ងៃកំណើតនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តាមរយៈទំព័រហ្វេសបុកផ្ញើសារយ៉ាងពិសេសជូនឧត្តមភរិយាដ៏ផ្អែមល្ហែមព្រមទាំងភ្ជាប់មកជាមួយនឹងរូបថតយ៉ាងច្រើនសន្លឹកធ្វើឲ្យមហាជនមានចិត្តរំភើបជំនួសលោកជំទាវជាខ្លាំងផងដែរ។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ក៏បានដកស្រង់នូវសុភាសិតមួយឃ្លាពោលបង្ហាញបញ្ជាក់យ៉ាងដូច្នេះថា៖ “ចិត្តអាចមើលឃើញជ្រៅជាងកែវភ្នែក។ ខ្ញុំប្រាកដជាអាចបញ្ជាក់បានថានេះគឺជាការពិត នៅពេលខ្ញុំយកចិត្តភរិយារបស់ខ្ញុំ ចំណាន”

អ្នកឧកញ៉ាថ្លែងបន្តថា ពិតណាស់ដែលខ្ញុំភ្ញាក់ពីដំណេកជារៀងរាល់ឆ្នាំក្នុងថ្ងៃនេះ ដោយមានអារម្មណ៍រំភើបរីករាយជាងថ្ងៃធម្មតា ដើម្បីអបអរខួបកំណើតភរិយាខ្ញុំ ចំណាន។ ពាក្យពេចន៍ជូនពរនឹងមិនគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការពិពណ៌នាដែលខ្ញុំចង់ប្រាថ្នាផ្តល់ឱ្យភរិយារបស់ខ្ញុំនោះទេ។ អូនសម្លាញ់ អូនគឺជាវីរនារីរបស់បង ជាបេះដូងរបស់បង ហើយក៏ជាទេពធីតាមួយអង្គសម្រាប់មនុស្សជាច្រើន។

អ្នកឧកញ៉ាបន្តទៀតថា បងសូមជូនពរឲ្យអូនទទួលបានការស្រឡាញ់គាំពារ និងមានកម្លាំងថាមពលមាំទាំ ដើម្បីបន្តផ្តល់នូវក្តីសង្ឃឹមនិងជំរុញទឹកចិត្តដល់មនុស្សជាច្រើន និងគ្រប់វ័យ។ បងសូមកោតសរសើរពីស្មារតី និងភាពក្លាហានរបស់អូនក្នុងការប្រឈមរាល់បញ្ហានានា។ បងជូនពរឲ្យអូនទទួលបានការគាំទ្រជានិច្ចរាល់កិច្ចការដែល អូនបំពេញ ហើយនឹងតែងតែមានពេលវេលារីករាយ ជួបតែសេចក្តីសុខ និងភាពស្ងប់សុខជានិច្ច ទោះជាជីវិតប្រចាំថ្ងៃរបស់យើងរវល់យ៉ាងណាក៏ដោយ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានបួងសួងបន់ស្រន់ឲ្យភាពខ្វល់ខ្វាយទាំងឡាយចៀសឆ្ងាយពីលោកជំទាវ ហើយជំនួសមកវិញតែភាពរីករាយ។ ហើយលោកជូនពរឲ្យថ្ងៃកំណើតនេះនាំមកនូវភាពរំភើបរីករាយដល់លោកជំទាវ។

សារព័ត៌មានឧកញ៉ាញូស៍ ឆ្លៀតពេលក្នុងឪកាសនៃថ្ងៃវិសេសវិសាលខួបកំណើតលោកជំទាវ ឧត្តមភរិយាអ្នកឧកញ៉ា គិត ម៉េង យើងខ្ញុំសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល សុខភាពល្អ ចូលចម្រើនដល់លោកជំទាវ ម៉ៅ ចំណាន និងអ្នកឧកញ៉ា ព្រមទាំងបុត្រាបុត្រីទាំងអស់ កុំបីអាក់ខានឡើយ៕